(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីនត្រូវតែស្វែងរកមធ្យោបាយ ដើម្បីទាញយកប្រេង និងឧស្ម័នពីសមុទ្រចិនខាងត្បូង ទោះបីមិនមានកិច្ចព្រមព្រៀងជាមួយប្រទេសចិនក្តី ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រទេសលោក ក្នុងការទាញយកធនធានបម្រុងផ្នែកថាមពល នៅក្នុងតំបន់ផ្លូវទឹកដែលមានបញ្ហាវិវាទដ៏ចម្រូងចម្រាសមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ហ្វីលីពីនជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈ ដែលជាកត្តាធ្វើឲ្យងាយរងគ្រោះ នៅពេលដែលការផ្គត់ផ្គង់ មានភាពរង្គោះរង្គើ ឬតម្លៃប្រេងកើនឡើង ដែលបានជួយជំរុញឱ្យអតិផរណាឡើងដល់ កម្រិតខ្ពស់រយៈពេលជិត១៤ឆ្នាំមកនេះ។ លោក ម៉ាកូស បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នោះជារឿងធំមួយសម្រាប់ពួកយើង នោះហើយជាមូលហេតុដែលយើង ត្រូវតែប្រយុទ្ធសម្រាប់អ្វីដែលជារបស់យើង ហើយទាញយកប្រយោជន៍ ប្រសិនបើពិតជាមានប្រេងនៅទីនោះមែន»

ការកត់សម្គាល់របស់លោក ម៉ាកូស ធ្វើឡើងក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានប្រកាសកាលពីខែសីហា កន្លងទៅថា ទីក្រុងម៉ានីលបានបើកចំហសម្រាប់ កិច្ចពិភាក្សាថ្មីជាមួយប្រទេសចិនស្តីពីការរុករកប្រេង និងឧស្ម័ន ហើយថាកិច្ចព្រមព្រៀងជាមួយប្រទេសចិន ឬប្រទេសណាមួយត្រូវតែគោរពតាមច្បាប់ហ្វីលីពីន។ ដោយឡែកស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើង របស់លោក ម៉ាកូស នោះទេ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសឱ្យដឹងថា ការពិភាក្សាលើការរុករកថាមពលរួមគ្នា រវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានលុបចោល ក្រោមហេតុផលពាក់ព័ន្ធទៅនឹងរដ្ឋធម្មនុញ្ញ ក៏ដូចជាបញ្ហាអធិបតេយ្យ៕