(តៃប៉ិ)៖ សមាជិកសភាជាន់ខ្ពស់អង់គ្លេសម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះថា គណៈប្រតិភូរបស់លោកស្រី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយកោះតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងតៃប៉ិ ក្នុងសប្តាហ៍នេះ ជាអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអង់គ្លេស លោកស្រី អាលីសៀ ឃឺនស៍ (Alicia Kearns) បានប្រាប់អ្នកសារព័ត៌មានថា «យើងបានពិភាក្សាអំពីការគំរាមកំហែងតាមអ៊ីនធឺណិត ព័ត៌មានមិនពិត និងជម្លោះយោធាជាប្រពៃណី ផងដែរ។ យើងក៏បាននិយាយអំពីរបៀបដែលសហគមន៍អន្តរជាតិ ត្រូវធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងសារៈសំខាន់នៃការរារាំងផ្នែកការទូត»

លោកស្រី សៃ បានសម្តែងការអរគុណចំពោះ ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះតៃវ៉ាន់ ជាពិសេសការអំពាវនាវឲ្យមានការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោកស្រី សៃ បានគូសបញ្ជាក់ថា «យើងជឿថាប្រទេសប្រជាធិបតេយ្យ ត្រូវតែឈររួបរួមគ្នាជាងពេលណាទាំងអស់ ដើម្បីប្រឈមមុខនឹងការពង្រីកអំណាចផ្តាច់ការ។ ដូច្នេះ យើងបានដាក់ចេញនូវសារៈសំខាន់យ៉ាងធំធេង លើការជំរុញទំនាក់ទំនងរវាងតៃវ៉ាន់-អង់គ្លេស»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសក៏ដូចជាប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែបានបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់កោះនេះ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកើនឡើងពីប្រទេសចិន ដូចប្រទេសលោកខាងលិចដទៃទៀតដែរ៕