(ហ្សាការតា)៖ ភ្នំភ្លើងដែលផ្ទុះឡើងនាថ្ងៃអាទិត្យនេះ នៅឯប្រទេសឥណ្ឌូណេស៉ី បានបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសមនុស្សខ្ទង់ ២,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្នត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់តំបន់ភ្នំភ្លើងនេះដែលស្ថិតនៅ​ភាគខាងកើតនៃកោះជ្វា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

មកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់និងរបួស ដោយសារបន្ទុះភ្នំភ្លើងមានឈ្មោះថា សេមេរូ (Semeru) ដែលបានកើតឡើងកាលពីវេលាម៉ោងជិត ៣យប់រំលងអាធ្រាត្រនៅឡើយទេ។ រីឯក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បានឱ្យដឹងថា ការធ្វើដំណើរតាមផ្លូវអាកាស គឺមិនមានរងការប៉ះពាល់ឡើយ ប៉ុន្តែបានបញ្ជូនសារឱ្យអាកាសយានដ្ឋានចំនួន២នៅក្នុងតំបន់ រក្សាការប្រុង​ប្រយ័ត្នជាប់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី BNPB បានប្រាប់ថា មនុស្សចំនួន១,៩៧៩នាក់ ត្រូវបានជម្លៀសទៅកាន់ មជ្ឈមណ្ឌលជ្រកកោន​សុវត្ថិភាពចំនួន ១១កន្លែង ហើយអាជ្ញាធរក៏បានចែកម៉ាសការពារដល់ប្រជាជនផងដែរ ខណៈកិច្ចប្រឹងប្រែងជួយសង្រ្គោះ រុករក និងជម្លៀសកំពុង​តែបន្តប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា នៅពេលវាផ្ទុះឡើងកាលពីឆ្នាំ២០២១ សេមេរូ ដែលជាភ្នំខ្ពស់បំផុតប្រចាំលើកោះជ្វា បានផ្តាច់ជីវិតមនុស្សជាង ៥០នាក់ ហើយបង្កឱ្យរាប់ពាន់នាក់ ត្រូវព្រាត់ប្រាសពីលំនៅឋាន។ ជាមួយភ្នំភ្លើងសរុបចំនួន១៤២ ឥណ្ឌូណេស៉ីជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ ដែលរស់នៅក្បែរភ្នំភ្លើង ក្នុងនោះ៨.៦លាននាក់ ស្ថិតក្នុងគម្លាតតែ១០គីឡូម៉ែត្រប៉ុណ្ណោះ៕