(ស្តុកខុល)៖ ទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI បានបង្ហាញថា ការលក់សព្វាវុធនិងសេវាកម្មយោធាដោយ ក្រុមហ៊ុនវិស័យការពារជាតិធំៗបំផុតទាំង១០០ នៅលើពិភពលោក បានកើន១.៩ភាគរយ ដល់ទំហំ៥៩២ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

វិទ្យាស្ថាន SIPRI បាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំ Arms Industry Database របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា អត្រាកំណើនខាងលើ ដែលកើនពី ១.១ភាគរយនៃឆ្នាំ២០១៩-២០២០ មានន័យថា ការលក់សព្វាវុធទូទាំងសកលលោកបានបន្ត កើនឡើងរយៈពេល ៧ឆ្នាំជាប់ៗគ្នាហើយ។

បណ្តាក្រុមហ៊ុននៅសហរដ្ឋអាមេរិក នៅតែបន្តគ្របដណ្តប់បញ្ជីនេះដដែល ដោយ​ការលក់សរុបរបស់ ក្រុមហ៊ុនអាមេរិកចំនួន៤០ ដែលជាប់ក្នុងនោះ មានទំហំរហូតដល់ ២៩៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុនចំនួន៥ ដែលស្ថិតនៅលំដាប់ថ្នាក់កំពូលគេ សុទ្ធតែមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក គឺក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin), រ៉េធីអន តិចណូឡូជី (Raytheon Technologies), ប៊ូអ៉ីង (Boeing), ណ័សរ៉ូប គ្រូមមែន (Northrop Grumman), និង ចេណឺរ៉ល់ ដៃណាមិច (General Dynamics)។

គួរបញ្ជាក់ថា របាយការណ៍ខាងលើ ក៏បានកត់សម្គាល់ពីការស្ទុះឡើងខ្លាំង នៃការលក់សព្វាវុធពីសំណាក់ក្រុមហ៊ុនចិនផងដែរ ដោយក្រុមហ៊ុនផលិតសព្វាវុធចំនួន៨របស់ប្រទេសចិន នៅក្នុងបញ្ជីនោះ មានទំហំនៃការលក់សរុបស្មើនឹង ១០៩ពាន់លានដុល្លារ ដែលជាកំណើន៦.៣ភាគរយ ធៀបនឹងឆ្នាំ២០២០ ហើយក្រុមហ៊ុនចិនចំនួន៤ ជាប់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ ថែមទៀតផង៕