(ឡុងដ៍)៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទ (ទី៥ ខែធ្នូ) ថា ការកំណត់តម្លៃរបស់លោកខាងលិចលើប្រេងរបស់ខ្លួន នឹងបង្កអស្ថេរភាពដល់ទីផ្សារថាមពលពិភពលោក ប៉ុន្តែនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការទ្រទ្រង់ នូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំវិធានការឆ្លើយតបរបស់ខ្លួន ចំពោះចំណាត់ការរដែលបានដាក់ចេញ ដោយក្រុមបណ្តាប្រទេសសេដ្ឋកិច្ច G7 និងសម្ព័ន្ធមិត្តក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលថាមពលរបស់ទីក្រុងម៉ូស្គូ និងកាត់បន្ថយសមត្ថភាពធ្វើសង្គ្រាម។

នៅពេលគេសួរថា តើការចំណាត់ការនេះនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងយោធារបស់ទីក្រុងម៉ូស្គូចុះខ្សោយដែរឬទេ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា «ប្រទេសរុស្ស៊ី និងសេដ្ឋកិច្ចរុស្ស៊ី មានសមត្ថភាពបំពេញបានពេញលេញនូវតម្រូវការខ្លួនឯង និងតម្រូវការនៃប្រតិបត្តិការយោធាពិសេសផងដែរ»

ទន្ទឹមគ្នានេះ លោកក៏បាននិយាយថា ជាក់ស្តែងវាពិតជាមិនអាចប្រកែកបានដែលថា ការអនុម័តសេចក្តីសម្រេចទាំងនេះ គឺជាជំហានឆ្ពោះទៅរកអស្ថិរភាពទីផ្សារថាមពលពិភពលោក។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានយល់ព្រមកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការចរចារដ៏តានតឹងជាច្រើនថ្ងៃដើម្បីស្វែងរកកម្រិតសមស្របណាមួយ។ 

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G-7 បានព្រមព្រៀងគ្នាក្នុងខែកញ្ញា ដើម្បីដាក់កម្រិតលើប្រេងឆៅរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំងពីការលក់ប្រេងនេះ៕