(ហ្ស៊េរុយសាឡិម)៖ ប្រមុខចារកម្មអ៉ីស្រាអែល បានព្យាករថារបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ អាចនឹងឆ្លងផុតបាតុកម្មតវ៉ា ដែលកំពុងរាលដាលនៅទូទាំងប្រទេស ហើយអាចបន្តកាន់អំណាចជាច្រើនឆ្នាំទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ឧត្តមសេនីយ៍ត្រី លោក អាមីត សាអា (Amit Saar) ជាប្រធានស្រាវជ្រាវសម្រាប់ចារកម្មយោធាអ៉ីស្រាអែល ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក អាមីត សាអា បានគូសបញ្ជាក់ដូច្នេះថា «របបដឹកនាំអ៉ីរ៉ង់នឹងឆ្លងផុតបាតុកម្មតវ៉ា ដោយពួកគេ បានប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្ក្រាបបាតុកម្មតវ៉ា...តែរបបដឹកនាំអ៉ីរ៉ង់នឹងប្រឈមមុខនឹងបញ្ហាជាច្រើនឆ្នាំខាងមុខ»

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅទូទាំងប្រទេសអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីខែកញ្ញាមកម្ល៉េះ ក្រោយស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini បានស្លាប់នៅក្នុងមន្ទីរ ឃុំឃាំងរបស់ប៉ូលិស បន្ទាប់ពីត្រូវបានប៉ូលិសសីលធម៌អ៉ីរ៉ង់ចាប់ខ្លួន ដោយចោទថាស្លៀកសម្លៀកបំពាក់មិនសមរម្យ។ ប៉ុន្តែ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថាស្ថាប័នប៉ូលិសសីលធម៌នេះនឹងត្រូវរំលាយចោល៕