(កង់បេរ៉ា)៖ ក្រសួងការបរទេសតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា សមាជិកសភាអូស្រ្តាលីមួយក្រុម បានធ្វើដំណើរទៅដល់​កោះតៃវ៉ាន់ហើយ បើទោះបីជាមានការព្រមានពីសំណាក់ទីក្រុង​ប៉េកាំង ជុំវិញដំណើរទស្សនកិច្ចនេះ នៅចំគ្រាដែលភាពតានតឹងកំពុងកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី ចូអានណេ អ៊ូ (Joanne Ou) បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិយ៉ាងដូច្នេះថា «មានសមាជិកសភាមួយក្រុម មកពីប្រទេសអូស្រ្តាលី កំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ពួកគេបានមកដល់ទីនេះហើយ»។ បើតាម​អ្នកនាំពាក្យរូបនេះ គណៈប្រតិភូអូស្រ្តាលីនឹងពិភាក្សាជុំវិញបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ភាគីទាំងពីរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីនាពេលកន្លងមក ក្រុមសមាជិកសភាខាងលើ ត្រូវជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ព្រមទាំងរដ្ឋមន្រ្តីការបរទេស លោក ចូសេព វូ (Joseph Wu) រួមជាមួយមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ដទៃៗទៀត។ ប្រតិភូអូស្រ្តាលី មានសមាជិកសភាចំនួន៦រូប ដែលមកពីគណបក្សកាន់អំណាច Labor, គណបក្សប្រឆាំង Liberal ហើយនិងគណបក្ស National ដែលជាសម្ពន្ធមិត្តរបស់បក្ស Liberal។

គួរបញ្ជាក់ថា ពួកគេបានចេញដំណើរពីប្រទេសអូស្រ្តាលី កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈសកម្មភាពនេះអាចនឹងបញ្ឆេះកំហឹង​របស់ចិនសាជាថ្មី ខណៈដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងកង់បេរ៉ា ហាក់កំពុងងាកទៅរកប្រក្រតីភាពឡើងវិញ។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិន បានសម្តែងជំហរជំទាស់នឹងដំណើរទស្សនកិច្ចនេះ ហើយបានអំពាវនាវដល់​អូស្រ្តាលី ឱ្យគោរពតាមគោលការណ៍ចិនតែមួយ និងឈប់បញ្ជូនសញ្ញាមិនត្រឹមត្រូវ ដល់ក្រុមចលនាឯករាជ្យតៃវ៉ាន់តទៅទៀត៕