(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចាប់ខ្លួនសមាជិក​ ១២នាក់ នៃក្រុមដែលមានទំនាក់ទំនងជាមួយអឺរ៉ុប ដែលត្រូវបានចោទប្រកាន់ពីបទ រៀបចំផែនការប្រព្រឹត្តអំពើបំផ្លិចបំផ្លាញនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២។

សាធារណរដ្ឋអ៊ីរ៉ង់ត្រូវបានរញ្ជួយអស់រយៈពេលជាងពីរខែមកហើយ ដោយសារអ្វីដែលប្រទេសនេះហៅថា «កុប្បកម្ម» ដ៏សាហាវ ដែលខ្លួននិយាយថា ត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងក្រុមប្រឆាំងដែលមានមូលដ្ឋាននៅបរទេស។

អំពើហឹង្សាតាមដងផ្លូវបានផ្ទុះឡើង នៅពាក់កណ្តាលខែកញ្ញាបន្ទាប់ពីការស្លាប់របស់ កញ្ញា Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំ ដែលមានដើមកំណើតឃឺដ នៅក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌ក្នុងទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយ Tasnim កងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅក្នុងខេត្ត Markazi ភាគនិរតីនៃទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនបានចាប់ខ្លួន «បណ្តាញមួយដែលមានសមាជិក ១២នាក់ដែលមានទំនាក់ទំនងនៅបរទេស»

សេចក្តីថ្លែងការណ៍បានចោទប្រកាន់ថាពួកគេថា «ស្ថិតនៅក្រោមការណែនាំរបស់ភ្នាក់ងារប្រឆាំងបដិវត្តន៍ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់។ ហើយបានអនុវត្តសកម្មភាពប្រឆាំងនឹងសន្តិសុខជាតិអ៊ីរ៉ង់»

សេចក្តីថ្លែងការណ៍បានបង្កត់ធ្ងន់ថា «ពួកគេព្យាយាមទិញអាវុធ និងមានបំណងធ្វើអំពើវិទ្ធង្សនា» ប៉ុន្តែត្រូវបានចាប់ខ្លួន មុនពេលអាចធ្វើដូច្នេះបាន៕