(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ២០២៥ ដែលបង្ហាញជាលើកដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកល នាដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២។

ប្រទេស​ថៃ​គ្រោង​នឹង​រៀបចំការ​បោះឆ្នោតសកល​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​នៅ​ថ្ងៃ​អង្គារនេះគណបក្ស​ភឿថៃ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុតរបស់ប្រទេសនេះ បាន​ចាប់​ផ្តើម​បង្ហាញប្រធានបទយុទ្ធនាការ​មួយ​ចំនួន​របស់​ខ្លួន។

លោក ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានបន្តតំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់គាត់ ស្ថិតនៅក្នុងភាពស្រពិចស្រពិល។

គណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្ទង់មតិ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ដែល​ព្រាង​ក្រោម​ការគ្រប់គ្រង​របស់​យោធា​ បាន​ដាក់​ប្រព័ន្ធ​នេះ​ឱ្យ​គាំទ្រ​គណបក្ស​ដែល​មាន​ទំនាក់ទំនង​នឹង​យោធា។

កាលពីខែកញ្ញាអាណត្តិប្រាំបីឆ្នាំរបស់ លោក ប្រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញសម្រេចថា នឹងផុតកំណត់នៅឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Parsharath ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាចបច្ចុប្បន្ន ហើយចូលរួមជាមួយគណបក្សថ្មីមួយ ដែលត្រូវបានគេជឿថាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គាត់មុនការបោះឆ្នោត៕