(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែបានផ្តល់ភ្លើងបៃតង ចំពោះលទ្ធភាពនៃការលក់រថក្រោះធុន M1A1 Abrams ចំនួន១១៦គ្រឿង រួមទាំងគ្រឿងយន្តនិងគ្រាប់រំសេវផ្សេងៗទៀតឱ្យទៅប៉ូឡូញ ដែលគិតជាទឹកប្រាក់ស្មើនឹង៣.៧៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

កាលពីក្នុងខែកុម្ភៈ ឆ្នាំនេះ នៅប៉ុន្មានថ្ងៃមុន រុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន សហរដ្ឋអាមេរិកក៏ប្រកាសផងដែរ នូវការអនុញ្ញាត​ឱ្យប៉ូឡូញ ទិញរថក្រោះ Abrams ស៊េរីមួយទៀតគឺ M1A2 ចំនួន២៥០គ្រឿង។ ជាមួយជម្រើសថ្មីខាងលើ ប៉ូឡូញអាចជ្រើសរើសទិញ រថក្រោះ Abrams ទាំង២ស៊េរីលាយបញ្ចូលគ្នាក៏បាន ខណៈប្រទេសអឺរ៉ុបកណ្តាលមួយនេះ កំពុងព្យាយាមធ្វើទំនើបកម្មយោធារបស់​ខ្លួន ហើយសម្របខ្លួនទៅនឹង ស្ថានភាពភូមិសាស្រ្តនយោបាយថ្មី ក្រោយសង្រ្គាមនៅអ៊ុយក្រែន។

បើតាមក្រសួងការពារជាតិអាមេរិក ក្នុងកញ្ចប់នៃការលក់នោះ ក្រៅពីរថក្រោះ M1A1 Abrams ផ្ទាល់ ក៏រួមមានគ្រឿងយន្តសម្រាប់​អូសរថក្រោះដែលលែងដំណើរការ, គ្រឿងយន្តសម្រាប់តជាស្ពានចំនួន៨គ្រឿង ហើយនិងគ្រឿងយន្តផ្សេងៗថែមទៀតផង។ មិនតែប៉ុណ្ណោះ គ្រាប់រំសេវទំនើបៗរាប់ពាន់គ្រាប់ រួមមានទាំងគ្រាប់ទម្លុះស្រទាប់ការពារ គ្រឿងបន្លាស់ និងជំនួយបច្ចេកទេស ក៏នឹងត្រូវផ្តល់ដល់​ទីក្រុងវ៉ាសូវីផងដែរ។

គួរបញ្ជាក់ថា ការអនុម័តចំពោះលទ្ធភាពលក់អាវុធខាងលើនេះ មិនមែនមានន័យថា កិច្ចព្រមព្រៀងស្តីពីការទិញ-លក់រវាងអាមេរិក និងប៉ូឡូញ ត្រូវបានចុះហត្ថលេខា ឬមួយក៏ចរចាគ្នារួចរាល់អស់ហើយ នោះឡើយ៕