(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបង្កើន វត្តមានមិនអចិន្រ្តៃយ៍នៃកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអូស្រ្តាលី ហើយក៏បានព្រមព្រៀងជាមួយទីក្រុងកង់បេរ៉ា ក្នុងការអញ្ជើញជប៉ុន ឱ្យចូលរួមកិច្ចប្រឹងប្រែងនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

អមដោយវត្តមានរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ខណៈរដ្ឋមន្រ្តីអាមេរិកទាំងពីរទទួលស្វាគមន៍ សមភាគីរៀងៗខ្លួនមកពីអូស្រ្តាលី នៅឯក្រសួងការបរទេសអាមេរិក លោក អូស្ទីន បាននិយាយថា ការបង្កើនវត្តមានយោធានោះ នឹងរួមមានដូចជាយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង ព្រមទាំងកងទ័ពជើងទឹកនិងជើងគោក ដើម្បីពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការជាមួយទីក្រុងកង់បេរ៉ា។

បើតាមលោក អូស្ទីន អាមេរិកនិងអូស្រ្តាលីក៏បានឯកភាពគ្នាផងដែរ ក្នុងការអញ្ជើញជប៉ុនឱ្យចូលរួម ក្នុងកិច្ចសហការយោធានេះ ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតយ៉ាងណានោះឡើយ។​ រីឯខ្លឹមសារលម្អិតស្តីពីការបង្កើន វត្តមានកងកម្លាំងយោធារបស់អាមេរិក ដែលរួមមានទាំងទំហំជាក់លាក់ និងពេលវេលាចាប់ផ្តើមផ្លូវការជាដើម គឺពុំទាន់ត្រូវបានកំណត់ជាចុងក្រោយនៅឡើយទេ ហើយនឹងត្រូវប្រកាសនាពេលក្រោយ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន​ ទីក្រុងកង់បេរ៉ា ហើយនិងទីក្រុងតូក្យូ សុទ្ធតែចែករំលែកនូវក្តីបារម្ភរួមគ្នា នោះគឺចិនដែលបើតាម លោក អូស្ទីន គឺកំពុងធ្វើសកម្មភាពគ្រោះថ្នាក់និងបង្កការគំរាមកំហែង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក៕