(វ៉ាស៉ីនតោន)៖ ប្រមុខកងទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា យោធាអាមេរិកកំពុងតែសិក្សា ទៅលើអត្រានៃការប្រើប្រាស់គ្រាប់សព្វាវុធផ្សេងៗ ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដើម្បីធានាថាមន្ទីរបញ្ចកោណ អាចគណនាបាន​​ត្រឹមត្រូវ នូវបរិមាណអាវុធដែលខ្លួននឹងត្រូវការ ក្នុងករណីដែលសង្រ្គាមឬជម្លោះផ្សេងៗទៀត កើតឡើងនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ក្រុមមន្រ្តីប្រទេសលោកខាងលិចបានអះអាងថា រុស្ស៉ីបានចំណាយគ្រាប់សព្វាវុធប្រភេទសម្រាប់វាយប្រហារចំៗគោលដៅ អស់ចំនួនយ៉ាងច្រើនក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន ហើយឧស្សាហកម្មរបស់រុស្ស៉ី មិនមានសមត្ថភាពក្នុងការផលិត ប្រព័ន្ធសព្វាវុធនិងគ្រាប់គ្រប់ប្រភេទទាំងអស់នោះឡើយ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ចំណែកខាងអ៊ុយក្រែនវិញ ដែលទទួលបានការបំពាក់សព្វាវុធពីក្រុមលោកខាងលិច ក៏កំពុងប្រើប្រាស់គ្រាប់រ៉ុក្កែតផ្លោងនិងកាំភ្លើងធំ ក៏ដូចជាគ្រាប់ប្រភេទ​ផ្សេងៗទៀត អស់ក្នុងល្បឿនយ៉ាងរហ័សខ្លាំងផងដែរ។

លោក ម៉ាក មីលី (Mark Milley) ប្រធានអគ្គសេនាធិការយោធាចម្រុះអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «យើងកំពុងតែសិក្សាវិភាគ ដើម្បីធានាថាយើងអាចធ្វើការគណនាក៏ដូចជាប៉ាន់ប្រមាណត្រឹមត្រូវ សម្រាប់ផែនការសង្រ្គាមនិងផែនការបម្រុងនានា ដែលយើងមានសម្រាប់តំបន់ភូមិសាស្រ្តខុសៗជុំវិញពិភពលោក។ យើងនឹងត្រឡប់ទៅមើលផ្នែកឧស្សាហកម្ម ហើយចាត់វិធានការកែតម្រូវផ្សេងៗ ដើម្បីធានាថាយើងនឹងមានចំនួនអាវុធ ក្នុងបរិមាណសមស្រប សម្រាប់អ្វីដែលនឹងអាចកើតឡើងនាពេលខាងមុខ»

កន្លងមក ទីក្រុងវ៉ាស៉ីនតោនធ្លាប់បានអះអាងថា កូរ៉េខាងជើងលួចផ្គត់ផ្គង់ជាសម្ងាត់ នូវគ្រាប់កាំភ្លើងធំនិងរ៉ុក្កែតផ្លោង ក្នុងចំនួនយ៉ាងច្រើនដល់រុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ម៉្យាងវិញទៀត រុស្ស៉ីក៏បានទិញដ្រូនពីអ៉ីរ៉ង់ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារទៅលើ ទីក្រុងនិងហេដ្ឋារចនាសម្ពន្ធថាមពល នៅអ៊ុយក្រែនផងដែរ៕