(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើងជាលំដាប់ ប៉ុន្តែលោកទទូចថាទីក្រុងមូស្គូនឹងមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ក្រោយទីក្រុងមូស្គូចោទប្រកាន់ថាអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធសប្ដាហ៍នេះក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៉ី ជាមួយការសង្កត់ធ្ងន់ដែរថារុស្ស៉ីនឹងការពារខ្លួនឯង ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមាន។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាននោះទេ។ យើងដឹងច្បាស់ថាអ្វីទៅ ជាអាវុធនុយក្លេអ៊ែរ។ យើងមានអាវុធទំនើបៗជាច្រើនដែលប្រទេសដទៃគ្មាន...ប៉ុន្តែយើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារមុន»។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៉ីក៏អាចនឹងត្រូវប្រយុទ្ធនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន សម្រាប់រយៈពេលវែងផងដែរ ខណៈពន្លឺនៃកិច្ចចរចាស្វែងរកសន្តិភាព បញ្ចប់សង្រ្គាម កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល៕