(ហ្សាការតា)៖ ទីភ្នាក់ងារភូមិវិទ្យានៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើខេត្តជ្វាខាងលិច ឬ West Java នៅថ្ងៃព្រហស្បតិ៍នេះ ដោយបណ្ដាលឱ្យប្រជាជននៅក្នុងតំបន់ក្បែរចំណុចរំញ័ររត់ចេញពីផ្ទះសម្បែងទាំងភ័យស្លន់ស្លោ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារភូមិវិទ្យាឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើមានចំណុចរំញ័រស្ថិតនៅចម្ងាយ ២២គីឡូម៉ែត្រពីទីក្រុង ស៊ូកាប៊ូមី (Sukabumi) ដោយមិនបានបង្កឱ្យមាន រលកយក្សស៊ូណាមិនោះទេ ហើយមានជម្រៅរញ្ជួយទៅក្នុងដី ១០៤គីឡូម៉ែត្រ។ ប្រជាជនជាច្រើនបានរត់ចេញពីផ្ទះក្នុងទីក្រុង Sukabumi ខណៈគ្រោះរញ្ជួយដីនេះក៏បាន បង្កការរំញ័រទៅដល់រដ្ឋធានីហ្សាការតា និងតំបន់ក្បែរខាងផងដែរ។

ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះនោះទេ។ កាលពីខែវិច្ឆិកា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារលើទីក្រុងស៊ីយ៉ានជួរ (Cianjur) នៃខេត្ត West Java ដោយសម្លាប់មនុស្សជាង ៣០០នាក់ និងផ្ទះសម្បែងរាប់ពាន់ខ្នងរងការខូចខាត៕