(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះបានបញ្ចេញសំណើចុងក្រោយបំផុតមួយរបស់ខ្លួន ពាក់ព័ន្ធនឹងកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំង រុស្ស៉ី ក្នុងនោះរួមមានទាំងការបញ្ចូលបុគ្គល និងអង្គភាពចំនួន២០០ បន្ថែមទៀតចូលក្នុងបញ្ជីទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងស្នើឱ្យមានដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារចំនួន៣របស់រុស្ស៉ីបន្ថែម ហើយកញ្ចប់ទណ្ឌកម្មទី៩នេះក៏មានគោលដៅហាមឃាត់ លើឧស្សាហកម្មអាវុធ និងកងកម្លាំងប្រដាប់អាវុធរុស្ស៉ីផងដែរ ជាមួយការផ្ដោតជាសំខាន់លើការរារាំងទីក្រុងមូស្គូ មិនឱ្យនាំចូលយន្ដហោះដ្រូន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មានបុគ្គលជាង ១២០០នាក់ និងអង្គភាពចំនួន១១៨ហើយដែលមានទំនាក់ទំនងនឹងរុស្ស៉ីត្រូវបានដាក់ទណ្ឌកម្ម ក្នុងនោះរួមមានទាំងប្រធានាធិបតី លោក ពូទីន និងមន្ត្រីជំនិតរបស់លោក៕