(បែរឡាំង)៖ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានបង្ក្រាបភ្លាមៗ។ ប៉ូលីសអាល្លឺម៉ង់ បានសម្រុកឆ្មក់ចូលផ្ទះសង្ស័យចំនួនយ៉ាងហោច១៥០កន្លែង ចាប់តាំងពីព្រឹកព្រហាមថ្ងៃទី៧ធ្នូ ឆ្នាំ២០២២ ដោយបានចាប់ជនសង្ស័យប្រមាណ២៥នាក់ដែលជាប់ពាក់ព័ន្ធ។ មន្ត្រីរដ្ឋអាជ្ញាអាល្លឺម៉ង់បានថ្លែងថា ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារនេះមានបំពាក់អាវុធ និងមានបំណងចង់វាយសម្រុកចូលវិមានរដ្ឋសភាអាល្លឺម៉ង់ថែមទៀត។ ជនសង្ស័យជាមេខ្លោងត្រូវគេរកឃើញថា បានព្យាយាមទាក់ទងទៅរដ្ឋាភិបាលរុស្ស៊ីថែមទៀត ប៉ុន្តែមន្ត្រីនាំពាក្យវិមានក្រឹមឡាំងបាន បដិសេធថាមិនជាប់ពាក់ព័ន្ធឡើយ។ ផែនការនេះគឺដើម្បីសម្រុកចូលក្នុងវិមានសភា Capitol របស់អាល្លឺម៉ង់ ដោយគ្រោងនឹងចាប់ខ្លួនសមាជិកសភា និងប្រហារជីវិតអធិការបតីអាល្លឺម៉ង់។

មន្ត្រីរដ្ឋអាជ្ញាសហព័ន្ធលោក Peter Frank បានថ្លែងថា ក្រុមសង្ស័យទាំងនេះគឺជាក្រុមដែលទទួលឥទ្ធិពល ដោយមនោគមវិជ្ជារបស់ក្រុមឃុបឃិត គ្យូអេណន់ QAnon »។ ក្នុងអំពើឃុបឃិតនោះ ព្រះអង្គម្ចាស់មួយអង្គដែលមានសែស្រឡាយពីក្រុមអភិជនអាល្លឺម៉ង់ គ្រោងនឹងឡើងកាន់តំណែងជាប្រមុខរដ្ឋថ្មី ហើយអតីតសមាជិកសភាពីគណបក្សស្តាំនិយមម្នាក់គ្រោង នឹងត្រូវដាក់ឱ្យទទួលបន្ទុកលើកិច្ចការបោសសម្អាតកិច្ចការជាតិនេះ បើសិនជាផែនការនោះបានរៀបចំសម្រេចដោយជោគជ័យ។ សេចក្តីរាយការណ៍បន្តថា ដើម្បីជួយសម្រួលដល់ការធ្វើរដ្ឋប្រហារនេះ បណ្តាញអគ្គិសនីនឹង ស្ថិតក្នុងគម្រោងត្រូវបានបំផ្លាញចោលថែមទៀត។ ទូរសព្ទផ្កាយរណបសម្រាប់ទំនាក់ទំនងក្រៅបណ្តាញ ត្រូវបានក្រុមរៀបចំធ្វើរដ្ឋប្រហារបានទិញត្រៀមបំរុងរួចរាល់ទាំងអស់ហើយ។

អ្វីទាំងនោះហើយ គឺជាភស្តុតាងជម្រុញឱ្យរដ្ឋអាជ្ញា និងមន្ត្រីចារកម្មអាល្លឺម៉ង់និយាយថា បណ្តាញភេរវករនៃក្រុមស្តាំនិយមទូទាំងប្រទេស កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអាល្លឺម៉ង់។ អាជ្ញាធរបានដាក់ពង្រាយ មន្ត្រីប៉ូលីសចំនួន៣ពាន់នាក់ និងកងកម្លាំងពិសេសនៅទូទាំងប្រទេស ដើម្បីធ្វើសកម្មភាពបង្ក្រាបភ្លាមៗ។ តាំងពីព្រឹកថ្ងៃពុធទី៧ធ្នូនោះមក គេបានចូលឆ្មក់ផ្ទះចំនួន១៥០ និងចាប់ខ្លួនជនសង្ស័យ ២៥នាក់ដែលជាអ្នករួមគំនិត។ ក្នុងចំណោមជនសង្ស័យទាំងនោះ រួមមានទាហានបំពេញកាតព្វកិច្ចសកម្មម្នាក់, អតីតមន្ត្រីក្នុងកងកម្លាំងអេលីតពិសេស, មន្ត្រីប៉ូលិសម្នាក់ និងយ៉ាងហោចមានទាហានបម្រុងចំនួនពីរនាក់ថែមទៀត។

ក្នុងការចាប់ខ្លួនជនសង្ស័យទាំងនោះ ព្រះអង្គម្ចាស់ Heinrich XIII ត្រូវបានគេចាប់ខ្លួនខណៈ ព្យាយាមធ្វើទំនាក់ទំនងជាមួយនឹងអ្នកតំណាងរដ្ឋាភិបាលរុស្ស៊ី តាមរយៈស្ថានទូតរុស្ស៊ីក្នុងក្រុង Berlin។ ចំណែកជនជាតិរុស្ស៊ីម្នាក់ដែលគេបានឃាត់ខ្លួន ត្រូវបានគេស្គាល់ថាឈ្មោះ Vitalia B ដែលគេជឿថាបានព្យាយាមជួយព្រះអង្គម្ចាស់ អាល្លឺម៉ង់រូបនោះមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងម៉ូស្គូ។ មន្ត្រីរដ្ឋអាជ្ញាទោះជាយ៉ាង ណាក៏ដោយបានថ្លែងថាមិនមានតម្រុយ ណាមួយដែលបង្ហាញថាពួកគេបានទទួលសញ្ញាវិជ្ជ មានពីប្រភពរុស្ស៊ីដែលពួកគេបានទាក់ទងនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃពុធ បានហៅផែនការនេះថាជាបញ្ហាផ្ទៃក្នុងរបស់អាល្លឺម៉ង់។ លោក Dmitri S. Peskov បានប្រាប់អ្នកយកព័ត៌មានថា "មិនអាចមានសំណួរអំពីការជ្រៀតជ្រែកណាមួយរបស់រុស្ស៊ីទេ"។

សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសអាឡឺម៉ង់បាននិយាយថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការគំរាមកំហែងដ៏ធំបំផុតចំពោះប្រទេសអាល្លឺម៉ង់ គឺមកពីក្រុមជ្រុលនិយមក្នុងស្រុក, និង ពួកស្តាំជ្រុលនិយមក្នុងឆ្នាំ2019 ដែលពួកគេធ្លាប់បានសម្លាប់អ្នកនយោបាយក្នុងស្រុកម្នាក់នៅក្នុងរដ្ឋ Hessen របស់អាល្លឺម៉ង់ ហើយក្នុងឆ្នាំដដែលនោះ បានប៉ុនប៉ងវាយប្រហារនៅកន្លែង ប្រជុំនៅព្រះវិហារមួយកន្លែងថែមទៀត និងប្រមាណមួយឆ្នាំក្រោយមកទៀត មានភេរវករស្តាំនិយមម្នាក់ បានសម្លាប់ជនអន្តោប្រវេសន៍ និងកូនចៅរបស់គេចំនួន៩នាក់បន្តមកទៀត។

យោងតាមប្រភពញូយ៉កថែមស៍ ក្នុងចំណោមវត្ថុដែលត្រូវបានគេរកឃើញក្នុងអំពើប៉ុនប៉ងធ្វើ រដ្ឋប្រហារនាពេលនេះ គឺបញ្ជីដែលមានឈ្មោះអ្នកនយោបាយ១៨នាក់ ដែលគេចាត់ទុកថាជាសត្រូវដែលអាចត្រូវនិរទេស ឬប្រហារជីវិត ក្នុងនោះរួមមានឈ្មោះអធិការបតី Olaf Scholz ផងដែរ។ នេះគឺជាគម្រោងចុងក្រោយបង្អស់ ក្នុងចំណោមគម្រោងរកឃើញជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំមកនេះ របស់ក្រុមបណ្តាញជ្រុលនិយមដែលរៀបចំប្រើពេលមួយថ្ងៃប៉ុនប៉ង ផ្តួលរំលំការគ្រប់គ្រងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ។ ពួកគេបានដាក់ឈ្មោះថ្ងៃនោះ គឺDay X ។

លោក Konstantin von Notz ដែលជាសមាជិកសភា និងជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់ នៅក្នុងសភាអាល្លឺម៉ង់ បាននិយាយថា "ការចាប់បានបណ្តាញសម្ងាត់មួយនេះ មិនមែនជាករណីលើកដំបូងនៃក្រុមដែលមានផែនការ Day X" នោះឡើយ។ លោកបានថ្លែងបន្តថា «ចំនួននៃករណីទាំងនេះកំពុងកើនឡើង ហើយសំណួរដែលចង់ដឹង នោះគឺថាតើទំហំនៃទំនាក់ទំនងរវាងពួកគេនោះ មានកម្រិតប៉ុណ្ណោះ?»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោកស្រី Nancy Faeser បានថ្លែងថាគេកំពុងធ្វើការស៊ើប អង្កេតចូលយ៉ាងជ្រៅបន្ថែមទៀតលើបញ្ហានេះ។ លោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានថ្លែងថា ក្រុមទាំងនោះជាក្រុមនយោបាយ និងមានអាវុធថែមទៀត។ លោកស្រីរដ្ឋមន្ត្រីបានបង្ហាញថា ក្រុមទាំងនោះគឺជាក្រុមប្រកបដោយគ្រោះថ្នាក់។ គេនៅមិនច្បាស់ទេថា តើអ្នករៀបចំផែនការ នឹងអាចមានសមត្ថភាពប៉ុនណាក្នុងប្រតិបត្តិការវាយប្រហារបែបនេះ ហើយគេក៏មិនច្បាស់ដែរថាតើគម្រោងរបស់ពួកគេនោះ បានស្ថិតនៅក្បែរនឹងភាពសម្រេចនោះបានប៉ុណ្ណានោះដែរ។

យោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់មួយចំនួន ក្រុមនេះបានខកខានកាលបរិច្ឆេទពីរដង នៅពេលដែលពួកគេមានគោលបំណងវាយប្រហារ។ ប៉ុន្តែអ្នកដែលត្រូវបានចាប់ខ្លួនជាច្រើន ត្រូវ បានគេដឹងថា ក្រុមរៀបចំប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ មានបំពាក់អាវុធដ៏ខ្លាំងក្លា។ លោក Stephan Kramer នាយកក្រុមសម្ងាត់នៃរដ្ឋ Thuringia ដែលជាកន្លែងមានការចូលឆ្មក់ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍បង្ក្រាបអំពើប៉ុនប៉ងរដ្ឋប្រហារនេះ បានថ្លែងថា ការចាប់ខ្លួនក្រុមថ្មីទាំងនេះ បានបង្ហាញនូវការកើនឡើងនូវអំពើប៉ុនប៉ងនៃផែនការ Day X" នោះ។ លោកបន្តថា ពួកគេមានគម្រោងដើរចូលទៅក្នុងទីក្រុងប៊ែរឡាំង និងធ្វើការដកចេញមន្ត្រីខ្លះក្នុងកន្លែងធ្វើការ របស់រដ្ឋាភិបាលសហព័ន្ធ។ លោកបានថ្លែងបន្តថា «ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល ពួកគេសុខចិត្តទទួលយកការស្លាប់ខ្លួន»។

ទីតាំងមួយក្នុងចំណោមទីតាំងដែលត្រូវបានកម្លាំងពិសេសអាល្លឺម៉ង់ចួលឆ្មក់កាលពីថ្ងៃពុធ គឺជាបន្ទាយយោធា។ ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេស គឺជាសមាជិកនៃគណបក្សជម្រើសស្តាំនិយមអាល្លឺម៉ង់ ឬ AfD ដែលជាគណបក្សបានបម្រើកិច្ចការក្នុងសភាអាល្លឺម៉ង់។ មន្ត្រីរដ្ឋអាជ្ញាសហព័ន្ធអាល្លឹម៉ង់ បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតជនសង្ស័យសរុប២៧នាក់ផ្សេងទៀតផងដែរ។ ដោយឡែក គេនៅចាប់ឃុំខ្លួនមនុស្សពីរនាក់ទៀតនៅខាងក្រៅប្រទេសអាល្លឺម៉ង់ ក្នុងនោះមានម្នាក់នៅអូទ្រីស និងម្នាក់ទៀតនៅអ៊ីតាលី។

មន្ត្រីរដ្ឋអាជ្ញា បាននិយាយថា ក្រុមបង្កើតផែនការ Day X នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដែលជាក្រុមទទួលឥទ្ធិពលដោយមនោគមវិជ្ជារបស់ក្រុមឃុបឃិត គ្យូអេណន់ QAnon និងក្រុមសមគំនិតអាល្លឺម៉ង់ស្តាំនិយមដែលគេស្គាល់ឈ្មោះថា រ៉េច្ឆបឺហ្គើរReichsbürger ឬ Citizens of the Reich ដែលជឿថាសាធារណរដ្ឋអាឡឺម៉ង់ក្រោយសង្គ្រាមលោកលើកទី 2 មិនមែនជាប្រទេសដែលមានអធិបតេយ្យភាពឡើយ ប៉ុន្តែជាការរួមបញ្ចូលបង្កើតឡើងដោយក្រុមសម្ព័ន្ធដែលមានជ័យជំនះ។ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមរ៉េច្ឆបឺហ្គើ Reichsbürger ត្រូវបានគេមើលឃើញថាវាស្ទើរតែ ជារូបរូបភាពបង្ហាញនៅក្នុងចំនោមក្រុមស្តាំនិយមជ្រុលរបស់ប្រទេសអាឡឺម៉ង់ ដែលជាក្រុមបង្កើតឡើងដោយបណ្តាញបែកខ្ញែកធូររលុង នៃមនុស្សប្រហែល២ម៉ឺននាក់ជាមួយនឹងទ្រឹស្តីឃុបឃិតចម្លែកៗ។

មន្ត្រីអាល្លឺម៉ង់ថ្លែងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជាពិសេសចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩នោះមក ក្រុមរៀបចំផែនការ Day X នេះទទួលបានថាមពលថ្មីក្នុងនាមជា អ្នក ដើរតាមនិងការគិតរួមជាមួយនឹងទ្រឹស្ដីសមគំនិតនៃចលនា QAnon ជាពិសេសការឃើញការគំរាមកំហែងពីអ្វីដែលពួកគេហៅថាចូលជ្រៅក្នុងរដ្ឋ ដែលជាស្រមោលនៃឥស្សរជនពុករលួយដែលពួកគេគិតថាកំពុងដឹកនាំរដ្ឋាភិបាល។ មន្ត្រីរដ្ឋអាជ្ញា បាននិយាយថា ដើម្បីអនុវត្តផែនការរបស់ខ្លួន ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ បានបង្កើតសាខាយោធា ដែលពួកគេកំពុងតែព្យាយាមយ៉ាងសកម្ម ក្នុងការជ្រើសរើសប៉ូលិស និងយោធា និងសាខានយោបាយ ដែលមានឈ្មោះថា ក្រុមប្រឹក្សាដែលជាប្រភេទនៃរដ្ឋាភិបាលស្រមោល ប៉ុនប៉ងបង្កើតនៅទីក្រុងប៊ែរឡាំង។ រដ្ឋអាជ្ញាសហព័ន្ធលោក Peter Frank បាននិយាយកាលពីថ្ងៃពុធថា សមាជិកនៃបក្សពួកយោធាក្នុងក្រុមនោះ ក៏មានកិច្ចការសកម្មរបស់ក្នុងកងកម្លាំងប្រដាប់អាវុធសហព័ន្ធអាល្លឺម៉ង់ដែរ។ នាពេលនេះ ការបន្តស្វែងរកជនសង្ស័យដែលជាប់ពាក់ព័ន្ធ មិនទាន់ចប់សព្វគ្រប់នៅឡើយទេ៕