(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្រ្ត នៅប្រទេសបេឡារុស ចំពេលមានការព្រួយបារម្ភថា ទីក្រុងមូស្គូនឹងបង្កើនសម្ពាធឲ្យបេឡារុសចូលរួមសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា «កងទ័ពពីយោធាភាគខាងលិច កំពុងបន្តការហ្វឹកហ្វឺនប្រយុទ្ធ យ៉ាងយកចិត្តទុកដាក់ រួមគ្នាជាមួយនិងកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបេឡារុស។ ការហ្វឹកហ្វឺនប្រយុទ្ធធ្វើឡើង ទាំងថ្ងៃនិងយប់។ ទាហានបានហាត់សមបាញ់អាវុធធុនតូចគ្រប់ប្រភេទ រួមទាំងកាំភ្លើងត្បាល់ និងពង្រឹងជំនាញរបស់ពួកគេ ក្នុងបើកបរយានជំនិះ ឆ្លងកាត់វគ្គអប់រំចិត្តសាស្រ្ត យុទ្ធវិធី និងវិធានផ្សេងទៀត»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង បេឡារុសព្យាយាមចៀសវាងមិនចូលរួមក្នុងជម្លោះនេះទេ ប៉ុន្តែកន្លងមក ប្រធានាធិបតីលោក អាឡិចសាន់ដឺ លូកាឈិនកូ បានបញ្ជាឲ្យកងទ័ពដាក់ពង្រាយកងកម្លាំងរួមជាមួយរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន ដោយលើកឡើងពីការគំរាមកំហែងរបស់ទីក្រុងកៀវ និងលោកខាងលិច៕