(សេអ៊ូល)៖ ក្រុមពន្លត់អគ្គីភ័យបាននិយាយថាមនុស្សប្រហែល ៥០០នាក់ ត្រូវបានជម្លៀសចេញនៅថ្ងៃសុក្រនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះភូមិដ៏ចំណាស់មួយនៃរដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

អគ្គីភ័យបានឆាបឆេះនៅម៉ោង ៦និង២៧នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅក្នុងភូមិគូរីយ៉ុង (Guryong) ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលមានផ្ទះរបស់ប្រជាពលរដ្ឋជាង៦៦០គ្រួសារ។ ផ្ទះប្រហែល ៤០ខ្នងនៅក្នុងតំបន់ទំហំ ១,៧០០ម៉ែត្រក្រឡាត្រូវបានបំផ្លាញ។ ក្រុមពន្លត់អគ្គីភ័យប្រហែល ២៩០នាក់ ឧទ្ធម្ភាគចក្រចំនួន ១០គ្រឿង និងមន្រ្តីប៉ូលីសជាច្រើន ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុដើម្បីពន្លត់ភ្លើង។ រហូតមកដល់ពេលនេះមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក គីម អ៊ុនហ៉ី (Kim Eun-hye) បាននិយាយថា លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលកំពុងស្ថិតនៅក្នុងប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូចខាតជាអប្បបរមា និងបញ្ជាឲ្យបញ្ជូនអ្នកពន្លត់អគ្គីភ័យ និងឧបករណ៍ទាំងអស់ដែលមានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។

គួរបញ្ជាក់ថា តំបន់ដែលមិនទាន់មានការរៀបចំចុងក្រោយមួយដែលនៅសេសសល់នៃភូមិខាងលើនេះ គឺជានិមិត្តរូបនៃការរស់នៅភាពមិនស្មើគ្នា នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ ក្នុងតំបន់អាស៊ី គឺនៅជិតស្រុកកាងណាម (Gangnam)។ តំបន់នេះក៏ងាយនឹងកើតមានភ្លើងឆេះ ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយផ្ទះជាច្រើនត្រូវបានសាងសង់ដោយប្រើក្រដាសកាតុងធ្វើកេស និងឈើ ហើយអ្នកស្រុកប្រឈមនឹងបញ្ហាសុវត្ថិភាព និងសុខភាព៕