(តេហេរ៉ង់)៖ ការអនុម័តរបស់សភាអ៊ឺរ៉ុបលើដំណោះស្រាយដែលអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) ពិចារណាចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ថាជា «ក្រុមភេរវករ» ទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មន្ត្រី និងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

ថ្មីនេះ សភាអឺរ៉ុបបានអំពាវនាវឱ្យ EU បញ្ជូលកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ទៅក្នុងបញ្ជីនៃក្រុមភេរវករ ក្រោមហេតុផលថាកងកម្លាំងដ៏មានឥទ្ធិពលនេះ​បានប្រព្រឹត្តអំពើគាបសង្កត់លើក្រុមបាតុករ ហើយជាអ្នកនៅពីក្រោយការផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៉ីដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

អគ្គមេបញ្ជាការនៃ IRGC លោក ហូសេន សាឡាមី (Hossein Salami) បានជួបជាមួយប្រធានសភាអីរ៉ង់​ មូហាម៉ាត់ បេហ្គឺ ហ្គាលូបាហ្វ (Mohammad Bagher Ghalibaf) ដែលជាអតីតមេបញ្ជាការ IRGC នៅថ្ងៃសៅរ៍នេះ ដើម្បីសម្របសម្រួលការឆ្លើយតបដ៏មានសក្តានុពលមួយ ចំពោះចំណាត់ការនេះ។ IRGC ក្រសួងការបរទេស និងសមាជិកសភាក៏ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំបិទទ្វារ នៅថ្ងៃអាទិត្យស្អែកនេះ។

គួរបញ្ជាក់ថា យ៉ាងណាក្តី សភាអឺរ៉ុបមិនមានអំណាចចាប់បង្ខំឱ្យ EU ត្រូវតែធ្វើតាមសេចក្តីសម្រេចរបស់ខ្លួននោះឡើយ ក៏ប៉ុន្តែវាជាការ បង្ហាញចេញ នូវសារនយោបាយមួយយ៉ាងច្បាស់ចំពោះទីក្រុងតេហេរ៉ង់។ បើត្រូវចាត់ទុកជាក្រុមភេរវករ មានន័យថា សមាជិកនានា របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នឹងត្រូវចាត់ទុកជាជនល្មើសដោយ EU ហើយទ្រព្យសម្បត្តិទាំងអស់របស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលមាននៅក្នុងទឹកដី EU នឹងត្រូវបង្កក។ មួយវិញទៀត កងកម្លាំងនេះក៏មិនអាចទទួលមូលនិធិពីពលរដ្ឋ ឬក្រុមហ៊ុនរបស់ EU ផងដែរ៕