(ស្ដុកខុល)៖ បាតុកម្មតវ៉ា នៅក្នុងទីក្រុង Stockholm ប្រឆាំងនឹងតួកគី និងការសុំចូលជាសមាជិក NATO នៃប្រទេសស៊ុយអែត ក្នុងនោះរួមមានទាំងការដុតគម្ពីគួរអាន បាន និងកំពុងបង្ក ឱ្យមានភាពតានតឹងយ៉ាងខ្លាំងជាមួយទីក្រុងអង់ការ៉ា ក្នុងពេលដែលស៊ុយអែតកំពុងត្រូវការការយល់ព្រមពីតួកគី ដើម្បីអាចចូលបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២១ ខែមករានេះ ក្រសួងការបរទេសតួកគីបានគូសបញ្ជាក់ដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដុតគម្ពីដ៏ពិសិដ្ឋរបស់យើង ... ការអនុញ្ញាតឱ្យទង្វើប្រឆាំងអ៉ីស្លាមនេះកើតឡើង គឺជាការវាយប្រហារលើអ្នកមូស្លីមទាំងមូល និងជាការប្រមាថដល់គុណតម្លៃរបស់យើង នៅក្រោមលេសផ្ដេសផ្ដាសនៃសេរីភាពបញ្ចេញមតិ ដែលជារឿងមិនអាចទទួលយកបាន»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើរបស់ក្រសួងការបរទេសតួកគី ធ្វើឡើង បន្ទាប់ពីអ្នកនយោបាយស្ដាំនិយមជ្រុលប្រឆាំងនឹងអន្តោប្រវេសន៍មួយក្រុម បានដុត «សេចក្ដីចម្លងនៃគម្ពី គួរអាន» មួយក្បាល នៅក្បែរស្ថានទូតតួកគី ក្នុងទីក្រុងស្ដុកខុល ប្រទេសស៊ុយអែត។ អាជ្ញាធរតួកគី បានជំរុញឱ្យស៊ុយអែតចាត់វិធានការចាំបាច់នានាដើម្បីរារាំងបាតុកម្មតវ៉ានេះ ក៏ដូចជា ប្រទេសទាំងឡាយចូលរួមចាត់វិធានការប្រឆាំងនឹងគំនិតរើសអើងសាសនាអ៉ីស្លាម។ កាលពីថ្ងៃសៅរ៍ បាតុកម្មតវ៉ាត្រូវបានធ្វើឡើងនៅទីតាំងចំនួន៣ ដាច់ដោយឡែកក្នុងទីក្រុងស្ដុកខុល ដោយមានទាំងបាតតុកម្មគាំទ្រដល់ជនជាតិឃើដ និងប្រឆាំងការស្នើសុំចូលជាសមាជិក NATO របស់ស៊ុយអែត ខណៈក្រុមបាតុករគាំទ្រតួកគី ក៏បានសម្ដែងការគាំទ្ររបស់ពួកគេដែរនៅ ខាងក្រៅស្ថានទូតតួកគី៕