(វែលីងតោន)៖ គណបក្សពលករ (Labour Party) នៅក្នុងប្រទេសនូវែលសេឡង់ នៅថ្ងៃអាទិត្យនេះ បានបោះឆ្នោតជ្រើសរើស លោក គ្រីស ហ៉ីបគីន (Chris Hipkins) ឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រី ជំនួសលោកស្រី ចាស៉ីនដា​ អាដឺន (Jacinda Ardern) ដែលបានប្រកាសលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

លោក ហ៉ីបគីន មានអាយុ ៤៤ឆ្នាំ និងជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី និងប្រធានបក្សពលករ ទទួលបានការគាំទ្រពីសមាជិកសភាទាំង៦៤រូប របស់គណបក្សពលករ (Labour) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅនូវែលសេឡង់។ ការតែងតាំងលោក គ្រីស ហ៉ីបគីន ជានាយករដ្ឋមន្ត្រីថ្មីរបស់នូវែលសេឡង់ កើតមានឡើង បន្ទាប់ពីលោកស្រី ចាស៉ីនដា​ អាដឺន បានប្រកាសលាលែងចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន លោកស្រី អាដឺន បាននិយាយថា លោកស្រីហាក់លែង​មានថាមពល ទៀតហើយ ក្នុងការដឹកនាំប្រទេសនូវែលសេឡង់ ហេតុដូច្នេះលោកស្រីនឹងចុះចេញពីតំណែង។

គួរបញ្ជាក់ថា លោក ហ៉ីបគីន នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃពុធសប្ដាហ៍ក្រោយ ហើយលោកនឹងកាន់តំណែងនាយករដ្ឋមន្រ្តី រហូតដល់ចប់អាណត្តិ គ្រប់គ្រងរបស់បក្ស ខណៈការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា៕