(មុមបៃ)៖ រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់ការចាក់ផ្សាយវីដេអូឯកសាររបស់ទូរទស្សន៍ BBC​ ដែលរិះគន់លើភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី អំឡុងកុបកម្មដ៏ហិង្សាមួយ កាលពីឆ្នាំ២០០២ នៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ហើយសូម្បីតែការចែកចាយបន្ត ឬ Share វីដេអូនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមក៏ត្រូវបានហាមឃាត់ដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

ទីប្រឹក្សារដ្ឋាភិបាលឥណ្ឌា លោក កាន់ចាន់ ហ្គូបតា (Kanchan Gupta) បាននិយាយថាបទបញ្ជាហាមឃាត់ការចាក់ផ្សាយ និងការចែកចាយវីដេអូឯកសាររបស់ BBC ត្រូវបានដាក់ចេញដោយប្រើ អំណាចបន្ទាន់របស់រដ្ឋាភិបាលនៅក្រោមច្បាប់ព័ត៌មានវិទ្យានៃប្រទេសឥណ្ឌា។ លោកបន្ថែមថា ខណៈវីដេអូឯកសាររបស់ទូរទស្សន៍ BBC​ ត្រូវបានហាមមិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសឥណ្ឌា វីដេអូនេះក៏ត្រូវបានហាមឃាត់ក្នុងការបង្ហោះ ឬអាប់ឡូត (upload) លើឆាណែល YouTube ហើយមិនតែប៉ុណ្ណោះ រដ្ឋាភិបាលលោក ម៉ូឌី ថែមទាំងបានបញ្ជាឱ្យក្រុមហ៊ុន Twitter បិទគណនីចំនួន ៥០ ដែលមានជាប់ពាក់ព័ន្ធនឹងវីដេអូនេះទៀតផង។ បើតាមលោក ហ្គូបតា ក្រុមហ៊ុន YouTube និង Twitter បានអនុវត្តតាមបញ្ជារដ្ឋាភិបាលឥណ្ឌា។

គួរបញ្ជាក់ថា វីដេអូឯកសាររបស់ទូរទស្សន៍ BBC​ គឺមានជាប់ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី អំឡុងកុបកម្ម ដ៏ហិង្សាមួយកាលពីឆ្នាំ២០០២ នៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat)។ ពោលគឺ នៅពេលដែលលោកកាន់តំណែងជាប្រមុខដឹកនាំនៃរដ្ឋ ហ្គូចារ៉ាត់ មានកុបកម្មដ៏ហិង្សាមួយបានផ្ទុះឡើង ដោយបណ្ដាលឱ្យមនុស្សជាង ១,០០០នាក់បានស្លាប់ ក្នុងនោះភាគច្រើន ជាអ្នកកាន់សាសនាអ៉ីស្លាម។ អំពើហិង្សានេះកើតមានឡើង ក្រោយរថភ្លើងមួយដឹកអ្នកកាន់សាសនាហិណ្ឌូត្រូវបានភ្លើងឆេះដោយផ្ដាច់ជីវិតមនុស្ស ៥៩នាក់។

ក៏ប៉ុន្តែ លោក ម៉ូឌី បានច្រានចោលរាល់ការចោទប្រកាន់ដែលថារូបលោកបានបរាជ័យក្នុងការទប់ស្កាត់កុបកម្មនៅពេលនោះ។ ចំណែកឯ ក្រុមអ្នកស៊ើបអង្កេតពិសេសតែងតាំងដោយតុលាការកំពូល ឥណ្ឌា ដើម្បីស៊ើបអង្កេតតួនាទីរបស់លោក ម៉ូឌី និងមន្ត្រីមួយចំនួនទៀតជុំវិញកុបកម្ម បានបញ្ជាក់នៅក្នុងរបាយការណ៍មានកម្រាស់ជាង ៥៤១ទំព័រ កាលពីឆ្នាំ២០១២ថាខ្លួនមិនបានរកឃើញភស្ដុតាង អាចដាក់បន្ទុក ឬផ្ដន្ទាទោសលោក ម៉ូឌីនោះឡើយ៕