(ឡូសអេនជឺលេស)៖ អាជ្ញាធរប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ០៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីយប់ថ្ងៃសៅរ៍ នៅក្លឹបរាំមួយក្នុងទីក្រុងឡូសអេនជឺលេស ខណៈការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន បានទាក់ទាញមនុស្សរាប់ពាន់នាក់ទៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងប្រមាណ ១០ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី២១ មករា នៅក្នុងក្លឹបរាំមួយតាមបណ្តោយផ្លូវ Garvey នៃឧទ្យាន Monterey Park។

ទោះជាយ៉ាងណាព័ត៌មានលម្អិតបន្ថែមទៀត សមត្ថកិច្ចមិន​ទាន់​បានបញ្ជាក់នៅឡើយទេ។

នាយកដ្ឋានតម្រួតទីក្រុងឡូសអេនជឺលេសបាននិយាយថា ជនសង្ស័យនៅក្នុងការបាញ់ប្រហារនេះ គឺជាបុរស។

សាក្សីម្នាក់បានប្រាប់កាសែត Los Angeles Times ថា មនុស្សបីនាក់បានរត់ចូលទៅក្នុងភោជនីយដ្ឋានរបស់គាត់ ហើយប្រាប់គាត់ឱ្យចាក់សោទ្វារ ខណៈដែលមានបុរសម្នាក់កាន់កាំភ្លើងធំស្វ័យប្រវត្តិដែលមានគ្រាប់ជាច្រើន។

គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានចូលរួមពិធីបុណ្យចូលឆ្នាំចិននៅឯឧទ្យាន Monterey Park​​ ស្ថិតចម្ងាយត្រឹម ១៦គីឡួម៉ែទពីទីក្រុង Los Angeles។ វាជាទីប្រជុំជនមានប្រជាជនរស់នៅប្រហែល ៦០,០០០នាក់ ដោយភាគច្រើនពួកគេជាជនជាតិអាស៊ី៕