(បាងកក)៖ នៅថ្ងៃចន្ទនេះ ប៉ូលិសបាននិយាយថា មនុស្ស ១១នាក់ដែលក្នុងនោះរួមមានទាំងកុមារពីរនាក់ ត្រូវឆេះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអ្នកដំណើរនៅភាគកណ្តាលប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក យីងយស ប៉ុលដេច (Yingyos Poldej) បាននិយាយថា រថយន្តដែលដឹកមនុស្ស១២នាក់បានធ្វើដំណើរពីភាគឦសាន ខេត្តអាំណាត់ ឆារ៉ឺន (Amnat Charoen) ឆ្ពោះទៅកាន់ទីក្រុងបាងកក ដោយបើកចេញពីផ្លូវហាយវេក្នុងខេត្តណាខុន រាជសីម៉ា (Nakhon Ratchasima) កាលយប់ថ្ងៃសៅរ៍ចុងសប្តាហ៍។ មានតែបុរសម្នាក់ប៉ុណ្ណោះដែលអាច​ឡើង​តាម​បង្អួចរថយន្តចេញមកក្រៅបាន ប៉ុន្តែ​អ្នក​ដំណើរ​ផ្សេង​ទៀត​ត្រូវ​ជាប់ក្នុងរថយន្ត ហើយ​ស្លាប់​ក្នុង​អណ្តាតភ្លើង។

ជនរងគ្រោះដែលនៅមានជីវិត ឈ្មោះ ថាណាឈីត គីងកែវ (Thanachit Kingkaew) អាយុ២០ឆ្នាំ ជានិស្សិត បាននិយាយថា «ខ្ញុំបានលឺសំលេងនរណាម្នាក់ស្រែក រួចក៏ភ្ញាក់​ពី​ដំណេក ហើយ​រឿង​បន្ទាប់​ដែល​ខ្ញុំ​ដឹង​គឺ​ឡាន​ក្រឡាប់។ ក្រោយ​ពេល​មកភ្លើង​បាន​ឆាប​ឆេះ​រថយន្ត​ទាំង​មូល ដោយផ្តើម​ចេញពី​ផ្នែកខាងក្រោយ​»

គួរបញ្ជាក់ថា បើតាមមន្រ្តីប៉ូលិសរថយន្តនេះប្រើទាំងប្រេងឥន្ធនៈ និងហ្គាស ប៉ុន្តែរបាយការណ៍ដំបូងបានរកឃើញថាធុងហ្គាសមិនបានលេចធ្លាយនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងក្នុងប្រទេសថៃដែលមានច្បាប់ដ៏តឹងរ៉ឹងលើការបើកបរ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនានា៕