(តេហេរ៉ង់)៖​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ការផ្លាស់ប្តូរសារទៅវិញទៅមកក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗគ្នា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែបន្តកើត បើទោះបីមិនមានកិច្ចចរចាជាផ្លូវការក៏ដោយ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA រាយការណ៍ដោយបានដកស្រង់សម្តីលោក Nasser Kanaani យ៉ាងដូច្នេះថា អវត្តមាននៃការចរចាជាផ្លូវការស្តីអំពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មិនមានន័យថា អវត្តមាននៃអន្តរកម្ម ឬការផ្លាស់ប្តូរសារក្នុងចំណោមភាគីនៃកិច្ចចរចានុយក្លេអ៊ែរនោះទេ។

លោក Kanaani បានបន្តថា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell កំពុងធ្វើអន្តរកម្មជាមួយភាគីផ្សេងគ្នានៃកិច្ចចរចា រួមទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកផងដែរ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់កំពុងដោះស្រាយបញ្ហានុយក្លេអ៊ែរ និងស្វែងរកការដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌការទូត។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់កម្រិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីលើទីក្រុងតេអេរ៉ង់។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញរបស់ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយែន។ ប៉ុន្តែគ្មានដំណោស្រាយណាមួយត្រូវបានសម្រេចទេ បន្ទាប់ពីជុំចុងក្រោយ នៃកិច្ចពិភាក្សាក្នុងខែសីហា ឆ្នាំ២០២២៕