(កូឡុំបូ)៖ រដ្ឋមន្ត្រីក្រសួងការងារស្រីលង្កា លោក Manusha Nanayakkara បាននិយាយនៅថ្ងៃអង្គារនេះថា អារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលពលករស្រីលង្ការហូតដល់ ២០០,០០០នាក់នៅឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

លោក Nanayakkara បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កាលពីឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីតបានផ្តល់ការងារចំនួន ៥៤,០០០កន្លែងដល់ប្រទេសស្រីលង្កា ដោយបន្ថែមថា ប្រជាជនស្រីសង្កាជាង ៣០០,០០០នាក់បានទៅរកការងារធ្វើនៅបរទេសក្នុងឆ្នាំ ២០២២ ហើយភាគច្រើននៃពួកគេបានទៅប្រទេសនៅតំបន់មជ្ឈឹមបូព៌ា។

គួរបញ្ជាក់ថា ការផ្ទេរប្រាក់ពីពលករចំណាកស្រុក គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសស្រីលង្កា។ ទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសនេះបានបង្ហាញថា ពលករចំណាកស្រុកស្រីលង្កាបានផ្ទេរប្រាក់ប្រហែល ៣.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕