(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ វិស្វករជនជាតិចិនម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ នៅសហរដ្ឋអាមេរិក សម្រាប់ការលួចធ្វើសកម្មភាពស៉ើបការណ៍ ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

លោក ជី ចាវឈុន (Ji Chaoqun) ដែលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តាមរយៈទិដ្ឋាការប្រភេទនិស្សិត កាលពីឆ្នាំ២០១៣ ហើយក្រោយមកបានចុះឈ្មោះចូលជាកងកម្លាំងបម្រុង នៃកងទ័ពជើងគោកអាមេរិកថែមទៀតនោះ ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពចារកម្ម ដើម្បី​ស្វែងរកមើលអ្នកវិទ្យាសាស្រ្តក៏ដូចជាវិស្វករអាមេរិក ដែលអាចត្រូវអូសទាញឱ្យធ្វើជា គិញសម្ងាត់របស់ទីភ្នាក់ងារចារកម្មរបស់ចិន ដែលមានមូលដ្ឋាននៅខេត្តជាំងស៊ូ។

ទីភ្នាក់ងារចារកម្មចិនប្រចាំនៅខេត្តជាំងស៊ូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងបណ្តាញស៉ើបការណ៍សម្ងាត់របស់ប្រទេសចិន និងជាប់ពាក់ព័ន្ធក្នុងផែនការជាច្រើន ដែលមានគោលដៅលួចយកការសម្ងាត់ផ្សេងៗ ស្តីពីវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរបស់​សហរដ្ឋអាមេរិក។ លោក ជី ដែលមានអាយុជាង៣០ឆ្នាំ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន តាំងតែពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីចារកម្មចិនម្នាក់ ឈ្មោះ ស៊ូ យ៉ានជុន (Xu Yangjun) ដែលមកពីទីភ្នាក់ងារប្រចាំខេត្តជាំងស៊ូ ក៏ត្រូវបានតុលាការអាមេរិក កាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅប្រទេសបែលហ្ស៉ិកកាលពីឆ្នាំ២០១៨ ហើយធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក៕