(បាងកក)៖ ប្រជាជនថៃដែលកំពុងរស់នៅក្នុងទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងាររបស់ពួកគេពីផ្ទះ បើអាចធ្វើទៅបាន ហើយព្រមទាំងពាក់ម៉ាសពេលធ្វើដំណើរចេញទៅក្រៅ ដោយសារតែបញ្ហាបំពុលខ្យល់អាកាសនៅក្នុងទីក្រុងនេះ បានធ្លាក់​ដុនដាប ដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

អាជ្ញាធរទីក្រុងបាងកកបានឱ្យដឹងថា ប្រជាជនត្រូវបានស្នើឱ្យប្រើ​ប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាជាងយានជំនិះផ្ទាល់ខ្លួន ហើយខាងអាជ្ញាធរក៏នឹងព្យាយាមកាត់បន្ថយប្រភពនៃការបំពុល ដូចជាសកម្មភាពដុតវត្ថុផ្សេងៗនៅទីធ្លាខាងក្រៅ ព្រមទាំង​សកម្មភាព​​សំណង់ ជាដើមផងដែរ។ ចំណែកម៉ាសបន្សុទ្ធខ្យល់ នឹងត្រូវចែកជូនក្រុមអ្នកដែលងាយរងគ្រោះ។ យ៉ាងណាមិញ មិនទាន់តម្រូវឱ្យមានការបិទសាលារៀន នៅឡើយទេ។

គួរបញ្ជាក់ថា ការដុតកាកសំណល់វិស័យកសិកម្ម ហើយនិងបញ្ហាភ្លើងឆេះព្រៃ គឺជាកត្តាចម្បងនៃការបំពុលខ្យល់អាកាស នៅក្នុង​ប្រទេសថៃ ដែលបានធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅតំបន់ភាគពាយព្យប្រទេស កំលុងខែធ្នូដល់ខែមេសា។ ការបំពុលមកពីកត្តាទាំងនេះ ក៏បានបង្កការប៉ះពាល់ដល់ទីក្រុងបាងកកផងដែរ ដែលប្រឈមរួចស្រាប់ជាមួយនឹងបញ្ហាគុណភាពខ្យល់ ដោយសារតែសកម្មភាព​រោងចក្រ ការដ្ឋានសំណង់ និងការធ្វើចរាចរណ៍ នៅក្នុងទីក្រុង។

អាជ្ញាធរសុខាភិបាលថៃ បាននិយាយថា ចំនួនអ្នកជំងឺដែលជួបបញ្ហាសុខភាពពាក់ព័ន្ធនឹងការបំពុលខ្យល់អាកាស ក្នុងរយៈពេល​១សប្តាហ៍ចុងក្រោយនេះ បានកើនឡើងជាងទ្វេដងគឺដល់ជិត ២១៣,០០០នាក់ ពីខ្ទង់៩៦,០០០នាក់កាលពីមួយសប្តាហ៍មុននោះ។ អភិបាលក្រុងបាងកកបានប្រាប់ថា ស្ថានការណ៍នឹងស្ថិតក្រោម ការឃ្លាំមើលយ៉ាងដិតដល់ចាប់ពេលនេះ រហូតដល់ពេញមួយខែកុម្ភៈ ហើយរំពឹងថា វានឹងមានភាពប្រសើរឡើងនៅខែមីនា៕