(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា នៅសប្តាហ៍ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តំបន់ West Bank និងអេហ្ស៊ីប ជាកន្លែងដែលលោកនឹងជំរុញឱ្យបញ្ចប់អំពើហិង្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងបង្ហូរឈាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

លោក Blinken នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាអន្តរការីដ៏សំខាន់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

បន្ទាប់មករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងមានជំនួបទល់មុខគ្នាជាលើកដំបូង ជាមួយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បន្ទាប់ពីមេដឹកនាំជើងចាស់រូបនេះ បានត្រឡប់មកដឹកនាំរដ្ឋាភិបាលស្តាំនិយមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។

លោកក៏នឹងទៅតំបន់ Ramallah ដើម្បីជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Blinken នឹងគូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់ភាគីនានា ដើម្បីចាត់វិធានការកាត់បន្ថយភាពតានតឹង និងបញ្ឈប់អំពើហិង្សាដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់។

គួរបញ្ជាក់ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ចនេះ ទោះ​បី​ជា​មាន​ការ​គ្រោង​ទុក​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​បាន​កើត​ឡើង​បន្ទាប់​ពី​ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​បង្ហូរឈាមនៅតំបន់ West Bank។ មន្ត្រីនៅក្នុងតំបន់បាននិយាយថា ជនជាតិប៉ាឡេស្ទីន ៩នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួននៅទីក្រុង Jenin នៃតំបន់ West Bank នៅថ្ងៃព្រហស្បតិ៍នេះ៕