(វ៉ាស៊ីនតោន)៖ ឧត្ដមសេនីយ៍ផ្កាយបួន នៃកងទ័ពអាកាសអាមេរិក លោក ម៉ៃក៍ មីនីហាន់ (Mike Minihan) បានព្រមានថាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ដើម្បី កោះតៃវ៉ាន់ អាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥ ហើយលោកក៏បានជំរុញផងដែរឱ្យយោធាអាមេរិកត្រៀមលក្ខណៈឱ្យបានរួចរាល់នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

នៅក្នុងកំណត់ហេតុផ្ទៃក្នុងមួយដែលត្រូវបានចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃសុក្រសប្ដាហ៍នេះ និងត្រូវបានទទួលស្គាល់ដោយមន្ទីរបញ្ចកោណ ឧត្ដមសេនីយ៍ លោក ម៉ៃក៍ មីនីហាន់ បានបញ្ជាក់ដែរថាកម្មវត្ថុចម្បងរបស់សហរដ្ឋអាមេរិក នោះគឺការកំញើញកុំឱ្យសង្រ្គាមផ្ទុះឡើង តែបើចាំបាច់ត្រូវតែបំបាក់ចិនតែម្ដង។ ឧត្ដមសេនីយ៍ផ្កាយបួនរូបនេះបន្ថែមទៀតថា «ខ្ញុំក៏សង្ឃឹមដែរថាខ្ញុំកំពុងគិតខុស ប៉ុន្តែអារម្មណ៍របស់ខ្ញុំបានប្រាប់ខ្ញុំថាយើងអាចនឹងត្រូវធ្វើសង្រ្គាមនៅក្នុងឆ្នាំ២០២៥ ហើយសម្រាប់ក្រុមមន្ត្រីរបស់លោក ស៊ី ជិនពីង ឱកាសល្អគឺនៅក្នុងឆ្នាំ២០២៥»

គួរបញ្ជាក់ថា បើតាមលោក ម៉ៃក៍ មីនីហាន់ ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ២០២៤ អាចនឹងផ្ដល់លេសឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រើប្រាស់កម្លាំង យោធា ខណៈសហរដ្ឋអាមេរិកអាចនឹងជាប់រវល់នឹងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពោលគឺការបោះឆ្នោតប្រធានាធិបតីអាមេរិក៕