(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក នៅក្នុងទីក្រុង មែមហ្វីស (Memphis) នៃរដ្ឋថែននែសស៊ី (Tennessee) បានបញ្ចេញវីដេអូដ៏រន្ធត់មួយដែលបង្ហាញពីសកម្មភាពរបស់ អតីតមន្ត្រីប៉ូលិស ៥នាក់ វាយទាត់ធាក់បុរសស្បែកខ្មៅម្នាក់ឈ្មោះ Tyre Nichols មានអាយុ២៩ឆ្នាំ ឱ្យរងរបួសធ្ងន់រហូតដល់បាត់ជីវិតនៅឯមន្ទីរពេទ្យ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

នៅក្នុងវីដេអូមួយដែលចេញផ្សាយនៅលើគេហទំព័រ Vimeo អតីតមន្ត្រីប៉ូលិសទាំង៥នាក់ខាងលើ បានវាយទាត់ធាក់លោក Tyre Nichols រយៈពេលជាង ៣នាទី បើទោះជា យុវជនរូបនេះស្រែកហៅរកម្ដាយឱ្យជួយយ៉ាងណាក៏ដោយ។ លោក Nichols បានរងរងបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតកាលពីថ្ងៃទី១០ ខែមករា នៅឯមន្ទីរពេទ្យ ពោលគឺ៣ថ្ងៃ ក្រោយត្រូវបានឃាត់ខ្លួន និងរងការវាយដុំពីសំណាក់ប៉ូលិសកាលពីថ្ងៃទី៧ ខែមករា។ ការស្លាប់របស់លោក Nichols ក៏បានបង្កឱ្យមានបាតុកម្មតវ៉ាផងដែរ ខណៈ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការតក់ស្លុតចំពោះវីដេអូនៃការប្រើហិង្សាដោយប៉ូលិស។

អំពើហិង្សានេះកើតឡើងដោយផ្ដើមចេញពីការចោទប្រកាន់ថាលោក Nichols ធ្វេសប្រហែសក្នុងការបើកបរ ប៉ុន្តែថ្នាក់ដឹកនាំមន្ត្រីប៉ូលិសក្នុងទីក្រុង Memphis បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AP ថាគ្មានរូបភាពវីដេអូនៅកន្លែងកើតហេតុណាមួយបង្ហាញថាបុរសរូបនេះបើកបរមិនប្រុងប្រយ័ត្ននោះទេ តែការប្រឈមមុខដាក់គ្នាដោយហិង្សាបានកើតឡើង នៅពេលបុរសរូបនេះព្យាយាមរត់។

គួរបញ្ជាក់ថា ការបញ្ចេញវីដេអូខាងលើ នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិស ៥នាក់ដែលត្រូវបានបណ្ដេញចេញពីតួនាទីនោះ ត្រូវបានចោទប្រកាន់ពី បទមនុស្សឃាតកម្រិតទី២ កាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងការស្លាប់របស់លោក Tyre Nichols។ បទមនុស្សឃាតកម្រិតទី២នេះ បើតាមច្បាប់នៅក្នុងរដ្ឋ Tennessee គឺអាចប្រឈមមុខនឹងជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់ ៦០ឆ្នាំ។

ទស្សនាវិដេអូ៖ https://youtu.be/xBJ-CbjQJDg