(ញូវដេលី)៖ កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងថាយន្ដហោះចម្បាំង ២គ្រឿងដែលបានធ្លាក់នៅឯទីក្រុង ម៉ូរេណា (Morena) នៃរដ្ឋម៉ាឌីយ៉ា ប្រាដែស (Madhya Pradesh) នៅថ្ងៃសៅរ៍នេះ បានបណ្ដាលឱ្យពីឡុតម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

យន្ដហោះចម្បាំងទាំង ២គ្រឿងខាងលើ គឺជាប្រភេទយន្ដហោះចម្បាំង Su-30 និង Mirage 2000 ដោយយន្ដហោះចម្បាំង Su-30 មានពីឡុតចំនួន ២នាក់ រីឯយន្ដហោះ Mirage 2000 មានពីឡុតម្នាក់។ យន្ដហោះចម្បាំងទាំង២គ្រឿងនេះត្រូវបានគេរាយការណ៍ថា បានហោះចាកចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Gwalior នៃរដ្ឋ Madhya Pradesh ស្ថិតនៅចម្ងាយ ប្រហែល៥០គីឡូម៉ែត្រពីកន្លែងធ្លាក់ ដើម្បីចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាលមួយ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃសៅរ៍នេះ កងទ័ពអាកាសឥណ្ឌា បានបញ្ជាក់ដូច្នេះថា «យន្ដហោះចម្បាំងទាំងនោះបានស្ថិតនៅក្នុងបេសកកម្មនៃប្រតិបត្តិការហ្វឹកហ្វឺន ហោះហើរ ដែលធ្វើឡើងជាប្រចាំ...ហើយពីឡុតម្នាក់ក្នុងចំណោម ៣នាក់ បានរងរបួសធ្ងន់រហូតដល់ស្លាប់»

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែល បណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២នេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ថាតើយន្ដហោះចម្បាំង Su-30 និង Mirage 2000 បានបុកគ្នា នៅលើអាកាសដែរឬក៏យ៉ាងណា៕