(អាម៉ាន)៖ អង្គការយូនីសេហ្វ បានចេញការព្រមានអំពីចំនួនកុមាររងគ្រោះ បន្ទាប់ពីការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ នេះបើយោងតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កុមារប៉ាឡេស្ទីនប្រាំពីរនាក់ និងកុមារអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ គ្រាន់តែចាប់ដើមឆ្នាំ២០២៣នេះ។

អង្គការនេះ​បាន​និយាយ​ថា​ កុមារ​បន្ត​បង់​ថ្លៃ​ខ្ពស់​បំផុត​ចំពោះអំពើ​ហិង្សា ដោយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងអំពើហិង្សា ជាពិសេសប្រឆាំងនឹងកុមារ។

យូនីសេហ្វបានសង្កត់ធ្ងន់ថា «អំពើហឹង្សាមិនមែនជាដំណោះស្រាយទេ ហើយគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារគឺមិនអាចទទួលយកបានទេ។ វាត្រូវតែបញ្ចប់»

គួរបញ្ជាក់ថា កុមារទាំងអស់មានសិទ្ធិទទួលបានការការពារ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិកុមារ៕