(តាល់អាវីហ្វ)៖ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានធ្វើជាអ្នកសម្រុះសម្រួលរយៈពេលខ្លីមួយ នៅពេលសង្រ្គាមអ៊ុយក្រែនបានចាប់ផ្តើមបាននិយាយថា លោកបានទទួលការសន្យាពីប្រធានាធិបតីរុស្ស៊ីថា នឹងមិនសម្លាប់ប្រធានាធិបតីអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍រយៈពេលប្រាំម៉ោង ដែលគ្របដណ្តប់លើប្រធានបទជាច្រើន លោក Naftali Bennett បាននិយាយថា លោកបានសួរលោក ពូទីន ថា តើលោកមានបំណងសម្លាប់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ដែរឬទេ។

លោក Bennett បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសួរថា តើអ្នកមានគម្រោងសម្លាប់ ហ្សេលេនស្គី ទេ? គាត់បាននិយាយថា ខ្ញុំនឹងមិនសម្លាប់ ហ្សលេនស្គី ទេ»។ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះបានបន្តទៀតថា បន្ទាប់មកគាត់បានទូរសព្ទទៅប្រាប់ លោក ហ្សលេនស្គី ភ្លាមអំពីរឿងនេះ។

ទន្ទឹមនឹងនេះ លោក Bennett ក៏បានអះអាងទៀតថា ក្នុងអំឡុងពេលការសម្រុះសម្រួលរបស់គាត់ លោក ពូទីន បានបោះបង់ការប្តេជ្ញារបស់ខ្លួនក្នុងការស្វែងរកការរំសាយអាវុធរបស់អ៊ុយក្រែន ខណៈ លោក ហ្សេលេនស្គី ក៏បានសន្យាថានឹងមិនចូលរួមជាមួយណាតូដែរ។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នៃសង្រ្គាមអ៊ុយក្រែន អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានក្លាយជាមេដឹកនាំលោកខាងលិចមួយរូប ក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួន ដែលបានជួបលោកប្រធានាធិបតីរុស្ស៉ី ពូទីន កំឡុងសង្គ្រាម ក្នុងការធ្វើដំណើរដំបូងទៅកាន់ទីក្រុងមូស្គូ កាលពីខែមីនា ឆ្នាំ២០២២៕