(កាប៊ុល)៖ ក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បេសកជនមួយរូបតំណាងឱ្យរដ្ឋមន្រ្តីការបរទេសកាតា បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីកាប៊ុល ហើយជួបជាមួយរដ្ឋមន្រ្តីការបរទេសស្តីទីរបស់អាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានប្រាប់ថា លោក មូតឡាក់ ប៊ីនម៉ាជីដ អាល់កាតានី (Mutlaq Bin Majed Al-Qahtani) ដែលជា​បេសកជនពិសេស របស់ប្រមុខការទូតនៃប្រទេសកាតា បានចូលរួមក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្រ្តីការបរទេសស្តីទី លោក អាមៀរ ខាន់ មូតាគី (Amir Khan Muttaqi) នៅទីក្រុងកាប៊ុល។ បើតាមអ្នកនាំពាក្យ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការសម្របសម្រួលផ្នែកនយោបាយ ព្រមទាំងអំពីភាពរឹងមាំនៃទំនាក់ទំនង ហើយនិងជំនួយមនុស្សធម៌។

ដំណើរទស្សនកិច្ចខាងលើកើតមានឡើង បន្ទាប់រដ្ឋាភិបាលតាលីបង់ បានដាក់ការរឹតត្បិតលើការអប់រំរបស់ស្រ្តីនិងក្មេងស្រី រួមជាមួយការងាររបស់អង្គការ​ NGO ដែលទីក្រុងដូហាបានចាត់ទុកជា សកម្មភាពគួរឱ្យបារម្ភជាខ្លាំង ចំពោះមុខការរិះគន់ពីរបស់អន្តរជាតិ។ មកទល់ឥឡូវ មិនទាន់មានប្រទេសណាមួយ ដែលទទួលស្គាល់ រដ្ឋាភិបាលតាលីបង់ជាផ្លូវការឡើយ ប៉ុន្តែចិននិងប៉ាគីស្ថាន ធ្លាប់បានបញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់ពួកគេ ឱ្យមកបំពេញទស្សនកិច្ចកាលពី​ឆ្នាំ២០២២ ហើយអ្នកតំណាងរងពិសេស របស់អង្គការសហប្រជាជាតិ ក៏បានបំពេញទស្សនកិច្ចមកកាន់អាហ្វហ្កានីស្ថាន កាលពីពេលថ្មីៗនេះ ដើម្បីជជែក​អំពីបញ្ហាសិទ្ធិស្រ្តីនិងជំនួយផងដែរ។

គួរបញ្ជាក់ថា កាតាគឺជាកន្លែងដែលការិយាល័យនយោបាយ របស់ក្រុមតាលីបង់ស្ថិតនៅ ចាប់តាំងពីខ្ទង់ឆ្នាំ២០១២មក អំលុងពេលពួកគេធ្វើសង្រ្គាមបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក រហូតទាល់តែអាចដណ្តើមអំណាចបាន កាលពីឆ្នាំ២០២១៕