(អង់ការ៉ា)៖ គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលនៃប្រទេសតួកគី និងភាគពាយព្យនៃប្រទេសស៊ីរី នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្លាប់មនុស្សជាង ៥០០នាក់ និងរាប់ពាន់នាក់រងរបួស ខណៈដែលអគារជាច្រើនបានដួលរលំពាសពេញតំបន់ នាំមានការស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ហេតុការណ៍ដែលបានកើតឡើងទាំងព្រឹកព្រលឹមនារដូវរងានេះ ក៏នាំឲ្យមានអារម្មណ៍ថារញ្ជួយនៅក្នុងប្រទេស៉ីប និងប្រទេសលីបង់ ផងដែរ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យថា មនុស្សចំនួន ២៨៤នាក់បានស្លាប់ និង ២,៣០០នាក់រងរបួស ខណៈដែលអាជ្ញាធរបានប្រមូលផ្តុំក្រុមជួយសង្គ្រោះ និងផ្គត់ផ្គង់យន្តហោះទៅកាន់តំបន់រងគ្រោះ ខណៈប្រកាសអាសន្នកម្រិត៤ ដើម្បីអំពាវនាវឲ្យមានជំនួយពីអន្តរជាតិ។ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ បាននិយាយតាមទូរស័ព្ទជាមួយអភិបាលនៃខេត្តចំនួន៨ដែលរងផលប៉ះពាល់ ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

នៅក្នុងប្រទេសស៊ីរី មន្ត្រីសុខាភិបាលក៏បានឲ្យដឹងដែរថា មនុស្សជាង ២៣០នាក់បានស្លាប់ និងប្រហែល ៦០០នាក់រងរបួស ដែលភាគច្រើននៅក្នុងខេត្តហាម៉ា អាឡិបប៉ូ និងឡាតាគៀ ជាកន្លែងដែលអគារជាច្រើនដួលរលំ។ ប្រធានាធិបតីស៉ីរី លោក បាសារ អាល់អាសាដ (Bashar al-Assad) កំពុងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ ដើម្បីពិនិត្យមើលការខូចខាត និងពិភាក្សាអំពីជំហានបន្ទាប់។

គួរបញ្ជាក់ថា ក្រោយពីមានហេតុការណ៍រញ្ជួយនេះកើតឡើង លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានឲ្យដឹងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយកំពុងតាមដានព្រឹត្តិការណ៍យ៉ាងជិតដល់។ ទីក្រុងវ៉ាស៉ីនតោនកំពុងទាក់ទងជាមួយមន្ត្រីតួកគី ដើម្បីគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់៕