(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំងបានចេញមុខទទួលស្គាល់ថា បាឡុងមួយទៀតដែលប្រទះឃើញហោះនៅលើតំបន់អាមេរិកឡាទីន ក៏ជាបាឡុងរបស់​ចិនដែរ បន្ទាប់ពីវត្ថុស្រដៀងគ្នានេះ ត្រូវបានបាញ់ទម្លាក់កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ការបញ្ជាក់ដូចខាងលើ ត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) ដែលបានអះអាងថា បាឡុងមួយនោះ គឺជាបាឡុងស៉ីវិល ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្តហោះហើរ ប៉ុន្តែវាស្រាប់តែបានរសាត់ខ្លាំងចេញឆ្ងាយពីគន្លងផ្លូវធ្វើដំណើរដើម ហើយចូលទៅដល់ផ្ទៃអាកាសលើតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការីបង់ដោយអចេតនា។ លោកស្រីអ្នកនាំពាក្យ បានបន្តថា ទីក្រុងប៉េកាំងកំពុងធ្វើការទាក់ទងជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ។ លោកស្រី ម៉ាវ បានសង្កត់ធ្ងន់ថា ចិនគឺជា​ប្រទេសមានការទទួលខុសត្រូវ និងតែងតែគោរពច្បាប់អន្តរជាតិខ្ជាប់ខ្លួនជានិច្ច ហើយមិនមានចេតនាបង្កការគំរាមកំហែង ចំពោះប្រទេសដទៃណាឡើយ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា ក្រៅពីបាឡុងមួយដែលស្ថិតនៅលើសហរដ្ឋអាមេរិកផ្ទាល់ បាឡុងមួយផ្សេងទៀតដែលសង្ស័យជា បាឡុងស៉ើបការណ៍ទីពីររបស់ចិន ត្រូវបានប្រះឃើញនៅ​លើតំបន់អាមេរិកឡាទីន។ មួយថ្ងៃក្រោយមក យោធាកូឡុំប៊ីក៏បានរាយការណ៍អំពី វត្ថុមួយដែលមើលទៅដូចជាបាឡុង ត្រូវបានខ្លួនប្រទះឃើញ និងតាមដានរហូតទាល់តែវាបានហោះចេញផុតពីដែនអាកាសជាតិ។ ពេលនោះ កងទ័ពអាកាសកូឡុំប៊ី បាននិយាយថា ខ្លួនបានទាក់ទងជាមួយប្រទេស​និងស្ថាប័នដទៃ ដើម្បីព្យាយាមកំណត់ពីប្រភពដើមនៃវត្ថុនោះ។

គួរបញ្ជាក់ថា វត្តមានបាឡុងនៅលើសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងវ៉ាស៉ីនតោន លុបចោលគម្រោងទស្សនកិច្ច​រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក អាន់តូនី ប្លីនខិន (Antony Blinken) ទៅកាន់ប្រទេសចិន ដែលត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យចុងមុន។ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តជាខ្លាំងកាលពីថ្ងៃអាទិត្យ ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងមួយនោះ ដែលខ្លួនបានអះអាងថា ជាបាឡុងស៉ីវិលសម្រាប់ការងារសិក្សាស្រាវជ្រាវផ្នែកឧតុនិយម ដែលត្រូវខ្យល់បក់នាំយកទៅដល់លើ ដែនអាកាសអាមេរិក ដោយអចេតនា៕