(វ៉ាស៊ីនតោន)៖ ចាប់តាំងពីរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ការជជែកដេញដោលពីលទ្ធភាពដែលលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ នៅតែកើតមាន ឥតឈប់ឈរមកទល់នឹងពេលនេះ។ សហរដ្ឋអាមេរិក ធ្លាប់បានព្រមានជារឿយៗថារុស្ស៉ីអាចនឹងមានឆន្ទៈប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រឈមមុខនឹងបរាជ័យទាំងស្រុងនៅអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ វិមានក្រឹមឡាំងខ្លួនឯងក៏តែងតែលើកឡើងជាប្រចាំផងដែរពី «ប្រផ្នូលនៃការចុចប៊ូតុងនុយក្លេអ៊ែរ»។

បើតាមក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក មន្ត្រីយោធាជាន់ខ្ពស់រុស្ស៉ីបានជួបពិភាក្សារួចហើយថាតើពេលណា និងស្ថិតនៅក្នុងកាលៈទេសៈបែបណាដែលពួកគេអាចប្រើប្រាស់ ឬត្រូវតែប្រើអាវុធនុយក្លេអ៊ែរនៅក្នុង សង្រ្គាមអ៊ុយក្រែន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមើលមិនឃើញពីសញ្ញាដែលរុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែដរាបណាសង្រ្គាមនៅតែបន្តអូសបន្លាយ នោះលទ្ធភាពផ្ទុះសង្រ្គាមនុយក្លេអ៊ែរ នៅតែបន្តលងបន្លាចពិភពលោកដូចគ្នាដែរ។ ជាគោលការណ៍ អ្នកនយោបាយ ឬមេដឹកនាំទាំងអស់នៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរ ត្រូវតែរក្សាឱ្យបាននូវកាត្វកិច្ចដ៏ចម្បងចំនួន ២ នោះគឺ៖ «ទីមួយ៖ ត្រូវតែធានាឱ្យបានថាអាវុធនុយក្លេអ៊ែររបស់ពួកគេ នឹងមិនត្រូវបានប្រើដោយមិនមានបទបញ្ជាត្រឹមត្រូវនោះទេ និងទី២៖ គឺត្រូវធានាឱ្យបានថាអាវុធនុយក្លេអ៊ែររបស់ពួកគេស្ថិតនៅក្នុងស្ថានភាព ត្រៀមលក្ខណៈជាប្រចាំ»។

ក្រៅពីលោក ពូទីន គ្មាននរណាម្នាក់ដឹងច្បាស់ថាតើរុស្ស៉ីអាចនឹងប្រើប្រាសអាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនឬក៏យ៉ាងណានោះទេ ហើយថាតើអាវុធប្រភេទណាអាចនឹងត្រូវបានប្រើនោះដែរ។ ប៉ុន្តែ គេក៏គួរតែដឹងជាមុនសិនដែរថាតើ «ការសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ដំណើរការយ៉ាងដូចម្ដេចទៅ»? ដ្បិតប្រទេសមានអាវុធនុយក្លេអ៊ែរ មានទីបញ្ជាការ និងប្រព័ន្ធគ្រប់គ្រងពិសេស ដាច់ដោយឡែកពីគ្នាដែលមានឥទ្ធិពលលើការសម្រេចចិត្តលើអាវុធនុយក្លេអ៊ែរ។ នៅពេលដែលនិយាយពីអាវុធនុយក្លេអ៊ែរ អ្វីដែលត្រូវពិរចារណាមុនគេ នោះគឺ «តុល្យភាពអំណាច ឬ CHECKS AND BALANCES»៖

នៅក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតីដែលជាអគ្គមេបញ្ជាការកងទ័ព ជាបុគ្គលតែម្នាក់គត់អាចបញ្ជាឱ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដោយមិនចាំបាច់មានការសួរនាំ ឬការត្រួតពិនិត្យអ្វីនោះ ឡើយ។ បានន័យថាបើមានបញ្ជាធ្លាក់មក មេដឹកនាំយោធាអាមេរិកត្រូវតែអនុវត្តតាម ឬអាចជំទាស់បានតាមរយៈការលាលែងចេញពីតំណែងតែប៉ុណ្ណោះ។ តែនេះមិនមែនជាករណីនៅក្នុងប្រទេសរុស្ស៉ី នោះទេ។ រដ្ឋធម្មនុញ្ញ ច្បាប់យោធា និងគោលនយោបាយយោធា រួមទាំងគោលការណ៍ទុកអាវុធនុយក្លេអ៊ែរត្រឹមកំញើញសត្រូវរបស់រុស្ស៉ី បាននិយាយថាប្រធានាធិបតីតែម្នាក់គត់ដែលអាចបញ្ជាឱ្យ មានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅក្នុងសមរភូមិសង្រ្គាម ហើយប្រធានាធិបតីតែម្នាក់គត់ដែលអាចបញ្ជាឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

តែទោះជាបែបនេះក្ដី ជាការអនុវត្តជាក់ស្ដែងពីទីបញ្ជាការ និងគ្រប់គ្រងនុយក្លេអ៊ែររុស្ស៉ីបានបញ្ជាក់ថាប្រធានាធិបតីរុស្ស៉ី ចាំបាច់ត្រូវតែទទួលការយល់ព្រមពីមន្ត្រីសំខាន់ចំនួន២រូបជាមុនសិន មុននឹងយោធា អាចនឹងអនុវត្តបទបញ្ជាតាមរយៈទីបញ្ជាការនុយក្លេអ៊ែរ។ ដូចគ្នានៅនឹងសមភាគីអាមេរិក លោក ពូទីន ក៏មាន «ការបូបនុយក្លេអ៊ែរ» ដែរ ដែលមនុស្សជំនិតរបស់លោកត្រូវយួរតាមរូបលោកជានិច្ច ហើយ មនុស្សសំខាន់២នាក់ដែលបានលើកឡើង គឺរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu និងនាយអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov។ នៅត្រង់នេះ បទបញ្ជាណាមួយត្រូវតែ ឆ្លងកាត់ការយល់ព្រមពីមន្ត្រីសំខាន់ទាំង២រូបនេះ ឬក៏ម្នាក់ក្នុងចំណោមទាំងអ្នក ២នាក់នេះ មុននឹងរុស្ស៉ីអាចប្រើអាវុធនុយក្លេអ៊ែរ ខណៈការយល់ព្រមពីលោក Gerasimov គឺជាករណីចាំបាច់បំផុត ដ្បិត បទបញ្ជានុយក្លេអ៊ែរ ត្រូវឆ្លងកាត់តាមទីបញ្ជាការ និងគ្រប់គ្រងនុយក្លេអ៊ែរនៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ី ដែលស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ពីលោក Gerasimov។

«តុល្យភាពអំណាច ឬ CHECKS AND BALANCES» ដែលបានរៀបរាប់នេះគឺជាមរតកបន្សល់ទុកពីសម័យសូវៀតមកម្ល៉េះ ហើយតាមរយៈប្រព័ន្ធមួយនេះថ្នាក់ដឹកនាំសូវៀត នៅពេលនោះគឺចង់ធានា ឱ្យបានថាអាវុធនុយក្លេអ៊ែរ មិនអាចស្ថិតនៅក្រោមបញ្ជារបស់មនុស្សតែម្នាក់ តួយ៉ាងដូចជាមេដឹកនាំដែលមានវ័យចំណាស់ពេក ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមអវសានពិភពលោក ផ្ទុះឡើង។ ប្រព័ន្ធនេះក៏មានគោលដៅរារាំងកុំឱ្យយោធាដាក់បញ្ជាប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយខ្លួនឯងផងដែរ។ បើតាមការរៀបរាប់មកនេះ មើលទៅប្រព័ន្ធអាវុធនុយក្លេអ៊ែររុស្ស៉ីហាក់ដូចជាមានការដាក់ កំហិតតឹងរ៉ឹងជាងសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីមានអំណាចយ៉ាងពេញដៃ។ ក៏ប៉ុន្តែតាមពិតទៅ មានមនុស្សតិចណាស់ដែលបានដឹងថាប្រព័ន្ធនេះមានការផ្លាស់ប្ដូរ នៅក្នុងបរិបទដែលអំណាច និងការសម្រចចិត្តគ្រប់យ៉ាងនៅរុស្ស៉ីគឺស្ថិតក្នុងដៃរបស់លោក ពូទីន។ ប្រធានាធិបតីរុស្ស៉ីរូបនេះបានបញ្ជ្រាបខ្លួនចូលកាន់តែជ្រៅនៅក្នុងការរៀបចំផែនការនុយក្លេអ៊ែរ អស់រយៈពេលជាង ២០ឆ្នាំមកនេះ និងមើលការខុសត្រូវលើការកែប្រែដ៏ធំសម្បើមនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីក្នុងឆ្នាំ១៩៩៨ ដែលគេមើលឃើញថាបានបង្កើនតួនាទីអាវុធនុយក្លេអ៊ែរនៅក្នុងការត្រៀមលក្ខណៈរបស់យោធារុស្ស៉ី។

ម្យ៉ាងវិញទៀត នៅក្នុងសុន្ទរកថាស្ដីពីអាវុធនុយក្លេអ៊ែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានបង្ហាញដែរថាលោក ពូទីន អាចបញ្ចូលមតិយោបល់ផ្ទាល់ខ្លួនរបស់លោក និងអាចស្នើសុំយោបល់ពី មនុស្សជំនិតមួយចំនួនរបស់លោក តួយ៉ាងដូចជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Nikolai Patrushev។ យ៉ាងណាក៏ដោយ ទស្សនៈយល់ឃើញរបស់យោធារុស្ស៉ីនៅតែមានជាប់ពាក់ព័ន្ធ យ៉ាងជិតស្និទ្ធជាមួយការសម្រេចចិត្តរបស់លោក ពូទីន ជុំវិញអាវុធនុយក្លេអ៊ែរ។ ក្នុងករណីនេះ ប្រសិនបើលោក ពូទីន សម្រេចចិត្តចុងក្រោយថាត្រូវប្រើអាវុធនុយក្លេអ៊ែរ លោកត្រូវតែពិគ្រោះយោបល់ ជាមួយលោក Shoigu និងលោក Gerasimov ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តលោកទុកចិត្តបំផុត។ ជាការឆ្លើយតប ក្រុមការងាររបស់លោក Gerasimov (ដែលមានភារកិច្ចមើលការខុសត្រូវលើការរៀបចំ ផែនការនុយក្លេអ៊ែរ នៅក្នុងប្រទេសរុស្ស៉ី) នឹងផ្ដល់ការវាយតម្លៃសម្រាប់មេដឹកនាំកំពូលៗរបស់រុស្ស៉ីទាំង៣រូប ស្ដីពី «ទិដ្ឋភាពជាក់ស្ដែងនៃគោលនយោបាយបច្ចុប្បន្ន» និងផលប៉ះពាល់ខាងនយោបាយ ឬហានិភ័យខាតបង់ ដែលបង្កឡើងដោយការប្រើអាវុធនុយក្លេអ៊ែរ»។

បន្ទាប់មកទៀត ទើបក្រុមការងាររបស់លោក Gerasimov នឹងតាក់តែងអនុសាសន៍មួយថាតើរុស្ស៉ីគួរ ឬមិនគួរបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬក៏រក្សាជម្រើសនេះទុកសម្រាប់ នៅពេលក្រោយ។ ផ្ទុយមកវិញ ប្រសិនបើពួកគេផ្ដល់អនុសាសន៍ឱ្យប្រើអាវុធនុយក្លេអ៊ែរ នោះពួកគេនឹងផ្ដល់ព័ត៌មានលម្អិតថា «ថាតើគួរតែវាយប្រហារដោយរបៀបណា? ប្រើអាវុធនុយក្លេអ៊ែរប្រភេទណា? ត្រូវវាយប្រហារលើគោលណា? និងថាតើអ្វីទៅជាលទ្ធផលដែលអាចនឹងកើតឡើង»?

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមអ្នកយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ី កំពុងមមារញឹកក្នុងការពិចារណា និងថ្លឹងថ្លែងថាតើការប្រើអាវុធនុយក្លេអ៊ែរអាចនឹងបង្ខំឱ្យ NATO និងលោកខាងលិចបោះចោល អ៊ុយក្រែនដែរឬទេ? ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាជាប្រភេទអាវុធតូច ឬធំនោះទេ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថានឹងបង្កជាគ្រោះមហន្តរាយដ៏ធំសម្បើម ហើយបើសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង នោះទាំងសហរដ្ឋអាមេរិក NATO​ និងរុស្ស៉ី រួមទាំងមនុស្សជាតិទាំងមូលនឹងត្រូវរលាយបាត់ចេញពីផែនទីពិភពលោកដូចតែគ្នា។ មេដឹកនាំរុស្ស៉ី ក្នុងនោះរួមមានទាំង លោក ពូទីន បានបញ្ជាក់ថាសង្រ្គាមឈ្លានពានអ៊ុយក្រែន នៅក្រោមស្លាកប្រតិបត្តិការយោធាពិសេស មិនមែនជាប្រភេទសង្រ្គាមដែលរុស្ស៉ីត្រូវប្រើអាវុធនុយក្លេអ៊ែរនោះទេ។

ក៏ប៉ុន្តែ គោលនយោបាយយោធារុស្ស៉ី បានផ្ដល់ការណែនាំតិចតួចបំផុតពីស្ថានភាពដែលរុស្ស៉ីកំពុងប្រឈមមុខសព្វថ្ងៃនៅអ៊ុយក្រែន ពីព្រោះថានៅក្រោមគោលនយោបាយដដែលនេះ ក៏បាននិយាយដែរថា កងកម្លាំងអាវុធទូទៅធម្មតារបស់រុស្ស៉ីគួរតែមានលទ្ធភាពឈ្នះនៅក្នុងសង្រ្គាម។ តែអ្វីដែលគេកំពុងឃើញ នោះគឺរុស្ស៉ីកំពុងប្រឈមមុខនឹងអាវុធទំនើបៗរបស់លោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែនដែល គេមើលឃើញថាមានប្រសិទ្ធភាពខ្លាំងជាអាវុធទូទៅធម្មតារបស់រុស្ស៉ី។ នេះបង្ហាញពីស្ថានភាពមួយដែលក្រុមអ្នកវិភាគបានសន្និដ្ឋាន បើរុស្ស៉ីចាញ់ ឬបាត់បង់តំបន់គ្រីមៀ វានឹងជំរុញឱ្យអ្នកយុទ្ធសាស្ត្ររុស្ស៉ី ពិចារណាឡើងវិញពីជម្រើសប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះនៅពេលនិយាយពីអាវុធនុយក្លេអ៊ែររុស្ស៉ី គេចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នមិនមែនត្រឹមតែទៅលើការគិតរបស់លោក ពូទីនប៉ុណ្ណោះទេ តែក៏ ត្រូវគិតពីអ្វីដែលថ្នាក់ដឹកនាំយោធារុស្ស៉ី កំពុងគិតពីអាវុធនុយក្លេអ៊ែរផងដែរ៕