(អង់ការ៉ា)៖ មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយ បានវាយប្រហារចំ​ប្រទេសតួកគីនិងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ បានកើនដល់ជាង ២,៣០០នាក់ហើយ ខណៈតួលេខត្រូវបានគេរំពឹងថា កើនឡើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនថ្ងៃរះ អ្នកស្រុកនៃប្រទេសទាំងពីរត្រូវបានភ្ញាក់ពីដំណេក ដោយសារការរញ្ជួយដី ហើយប្រញាប់ប្រញាល់ចេញទៅខាងក្រៅ ក្នុងអាកាសធាតុដ៏ត្រជាក់ ភ្លៀងធ្លាក់ និងព្រិល។ អគាររាប់សិបខ្នងបានដួលរលំនៅក្នុងទីក្រុងនានាក្នុងតំបន់។

ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្រុកបាន និងកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក នៃអគារដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងនានាទូទាំងប្រទេសទាំងពីរ។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប រុស្ស៉ី និងអ៉ីស្រាអែល ជាដើម បានចេញមុខភ្លាមៗចូលរួមសម្តែង ការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ជំនួយដល់តួកគីក៏ដូចជាស៉ីរី។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕