(អង់ការ៉ា)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និងស៉ីរី កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេមកទល់នឹងពេលនេះ ខណៈចំនួនអ្នកស្លាប់បានបន្តកើនដល់ផុត ៩,៥០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំ​ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ២,៥៦៧នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ៦,៩៥៧នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ៩,៥០៤នាក់។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញគឺយ៉ាងហោច២៥,០០០នាក់។ តែព្រមពេលជាមួយគ្នា អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នាពេលនេះ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ​ ដើម្បីជួយប្រទេសតួកគីនិងស៉ីរី។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕