(សេអ៊ូល)៖ សមាជិកសភាក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរៀបចំការបោះឆ្នោតមួយដើម្បីជំរុញការដកតំណែងរដ្ឋមន្ត្រីមហាផ្ទៃ ជុំវិញការឆ្លើយតបរបស់លោកកំលុងថ្ងៃបុណ្យ Halloween ឆ្នាំទៅមិញ ដែលមានមនុស្សស្លាប់យ៉ាងរង្គាល ខណៈលោកអាចនឹងក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងរបស់កូរ៉េខាងត្បូង ដែលត្រូវសភាបណ្តេញចេញពីតំណែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សំណើស្តីពីការដកតំណែងខាងលើ ត្រូវបានអនុម័ត ដោយសំឡេង១៧៩គាំទ្រ ទល់នឹង១០៩ប្រឆាំង តាមរយៈការបោះឆ្នោតសម្ងាត់ នៅក្នុងសភាដែលមានសមាជិកចំនួន៣០០នាក់ ជាទីដែលគណបក្សប្រជាធិបតេយ្យជាបក្សប្រឆាំងធំជាងគេ កាន់កាប់កៅអី១៦៩អាសនៈ។ គណៈកម្មាធិការយុត្តិធម៌របស់សភា នឹងពិនិត្យលើសំណើនេះ មុននឹងបញ្ជូនទៅតុលាការធម្មនុញ្ញដែលនឹងសម្រេចថា ត្រូវទទួលយកឬច្រានចោល ការសម្រេចរបស់សភា ខណៈវាគឺជាដំណើរការមួយដែលអាចចំណាយពេលរហូតដល់៦ខែឯណោះ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានសម្លាប់មនុស្សចំនួន១៥៩នាក់ និងបង្ករបួសចំនួន១៩៦នាក់ ដោយសារតែការថប់ដង្ហើម កំលុងពេលប្រជ្រៀតគ្នានៅក្នុងផ្លូវដ៏តូចចង្អៀតមួយ ក្នុងសង្កាត់អ៉ីតេវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ក្នុង​ឱកាសថ្ងៃបុណ្យ Halloween ដែលទើបប្រារព្ធ​ឡើងវិញជាលើកដំបូង ក្រោយខកខានអស់ប៉ុន្មានឆ្នាំដោយសារការរាតត្បាតកូវីដ១៩។ គណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងផ្សេងទៀត បានជំរុញឲ្យមានការបណ្តេញរដ្ឋមន្ត្រីមហាផ្ទៃ លោក លី សាងមីន (Lee Sang-min) ចេញពីតំណែងដើម្បីជាការទទួលខុសត្រូវចំពោះហេតុការណ៍នេះ។

កន្លងមក លោក លី បានចេញមុខសុំទោសជាសាធារណៈលើការឆ្លើយតបខុសឆ្គងនេះ ប៉ុន្តែនៅពេលសួរថាតើលោកសុខចិត្តលាលែងពីតំណែងឬអត់? លោក លី និយាយថា អាទិភាពជាចម្បងរបស់លោក គឺការបង្កើតវិធានការការរពារសោកនាដកម្មបែបនេះ មិនឲ្យកើតឡើងម្តងទៀត និងធានាឱ្យបាននូវការអនុវត្ត​វិធានការទាំងនោះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានច្រានចោលការទាមទាររបស់បក្សប្រឆាំងដោយលើកឡើងថា ការការបោះឆ្នោតដើម្បីជំរុញការដកតំណែងតាមសភា ស្មើនឹងសភាបោះបង់ចោលប្រជាធិបតេយ្យ ហើយនឹងនាំមកនូវភាពអាម៉ាស់ជាប្រវត្តិសាស្រ្ត នៃនយោបាយក្នុងសភា៕