(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី បានចាប់ផ្តើមការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា នៅលើតំបន់វាខ្សាច់ នៃរដ្ឋណេវ៉ាដា (Nevada) របស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមយោធាអាមេរិក សមយុទ្ធប្រចាំឆ្នាំខាងលើ ដែលហៅថា Red Flag មានគោលដៅជាចម្បងផ្តោតលើទៅលើ រយៈចម្ងាយដ៏ធំល្វឹងល្វើយដែល​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី នឹងត្រូវតែប្រឈមនៅពេលធ្វើប្រតិបត្តិការ ឆ្លងកាត់មហាសមុទ្រប៉ាស៉ីហ្វិក ព្រមទាំងទៅលើការពង្រឹង​សមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងកងទ័ពអាកាសនៃប្រទេសទាំងបី។

សេណារីយ៉ូសម្រាប់បេសកកម្មហ្វឹកហាត់ កំលុងសមយុទ្ធរយៈពេល៣សប្តាហ៍នេះ នឹងរួមមានទាំងការប្រមូលផ្តុំ កងទ័ពអាកាសអាមេរិក-អង់គ្លេស-អូស្រ្តាលី ចូលទៅដល់ក្នុង​តំបន់មួយដែលត្រូវបានឈ្លានពានដោយប្រទេសដទៃ។ ចក្រភពអង់គ្លេស បានបញ្ជូនយន្តហោះចាក់សាំងលើផ្ទៃអាកាស KC-2 Voyager ១គ្រឿង និងក្រុមយន្តហោះចម្បាំង Eurofighter របស់ខ្លួន ឱ្យមកចូលរួមសមយុទ្ធ ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះនេះ ខណៈខាងអូស្រ្តាលីបានចល័តយន្តហោះ​ចម្បាំង EA-18G Growler។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរបញ្ចកោណអាមេរិក បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងទៅលើតៃវ៉ាន់ ដ្បិតចិនចាត់ទុកដែនកោះនេះត្រឹមជាផ្នែកមួយប៉ុណ្ណោះ នៃទឹកដីរបស់ខ្លួន។ កាលពីសប្តាហ៍មុន នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA បានព្រមានថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ទំនងជាបានចេញបញ្ជាឱ្យយោធានៃប្រទេសរបស់លោក ត្រៀមលក្ខណៈ​សម្រាប់ការវាយប្រហារលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧៕