(មូស្គូ)៖ រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីកលឿនជាងសម្លេងប្រភេទគីនហ្សាល់ ដែលមានល្បឿនលឿនជាងសម្លេង៩ដង ក្នុងប្រតិបត្តិការវាយសងសឹកដាក់លើអ៊ុយក្រែន។ មីស៊ីលលឿនជាងសម្លេង គីន ហ្សាល់ បានបាញ់លាយឡំនឹងមីស៊ីលនានាចំនួន៨១គ្រាប់ ដាក់លើបណ្តាក្រុងអ៊ុយក្រែន កាលពីយប់ថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍ជំហានដំបូង បានឱ្យដឹងថាមានមនុស្ស១១នាក់ បានស្លាប់និងជាង២០នាក់ទៀតបានរងរបួស។ ការប្រើប្រាស់មីស៊ីលលឿនជាងសម្លេងដែល គេនិយាយថាទើបប្រើប្រាស់ជាលើកទី១នេះ បានធ្វើឱ្យអ៊ុយក្រែនសម្តែងក្តីបារម្ភដោយសារតែ គ្មានប្រព័ន្ធអាវុធទំនើបណាមួយរបស់ ប្រទេសលោកខាងលិចដែលផ្តល់មកជួយអ៊ុយក្រែននោះនឹងអាចទប់ទល់បានឡើយ។

កំហឹងសងសឹកដោយសារការវាយប្រហាររបស់អ៊ុយក្រែនជាបន្តបន្ទាប់ដាក់មកលើទឹកដីប្រទេសរុស្ស៊ី បានជំរុញឱ្យវិមានក្រឹមឡាំងធ្វើការតបតទៅវិញយ៉ាងខ្លាំងក្លាក្នុងនោះរួមមានការ ប្រើប្រាស់លើកដំបូងនូវមីស៊ីលលឿនជាងសម្លេងគីនហ្សាល់ Kinzhal Hypersonic cruise missiles ដែលជាប្រភេទអាវុធមានតម្លៃខ្ពស់បំផុត។ ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីទឹកដីក្នុងប្រទេសរុស្ស៊ីចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៣នេះមក, មានដ្រូនអត្តឃាតនិងមីស៊ីលខ្លះដែលគេជឿថាជារបស់អ៊ុយក្រែន ត្រូវបាន រុស្ស៊ីបាញ់ទម្លាក់នៅក្នុងតំបន់ ក្រុងមូស្គូផង, នៅលើតំបន់ភាគខាងត្បូងប្រទេសផង និងនៅលើកំពង់ផែ Tuapse ក្នុងឈូងសមុទ្ទខ្មៅ ដែលអំពើវាយប្រហារមិនបញ្ចេញអត្តសញ្ញាណនេះ បានបង្កក្តីខឹងសម្បារដល់ ប្រទេសរុស្ស៊ី។ រុស្ស៊ីបានហៅការវាយប្រហារដាក់លើទឹកដីរបស់ខ្លួន នេះថាជាអំពើភេរវកម្មរៀបចំដោយក្រុមប្រដាប់អាវុធដែលរដ្ឋាភិបាលក្រុងគៀវស្ថិតនៅពីខាង ក្រោយខ្នង ដាក់មកលើតំបន់ Bryansk និងរុស្ស៊ីបានព្រមានការវាយប្រហារតបត។

នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា រុស្ស៊ីបានព្រលែងនូវការសងសឹករបស់ខ្លួនវិញតាម រយៈការបាញ់ស្រោចមីស៊ីលដាក់លើគោលដៅជាច្រើន ក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានការប្រើមី ស៊ីលលឿនជាងសម្លេងគីនហ្សាល់ចំនួន ៦គ្រាប់ ក្នុងចំណោមមីស៊ីល៨១គ្រាប់ដែលបាញ់ដាក់លើបណ្តាលទីតាំងនិងគោលដៅសំខាន់ ក្នុងរដ្ឋធានី កៀវ, ក្នុងក្រុងខាកៀវ, ក្រុងឌីនីប្រូ, ក្នុងក្រុងអូដេសា, ក្រុង Lviv ភាគខាងលិចប្រទេស និងលើទីតាំងមួយចំនួនទៀត។ សេចក្តីរាយការណ៍របស់ស៊ីអិនអិន និយាយថាមីស៊ីលរុស្ស៊ីដែលវាយប្រហារនោះ មានចំនួន៨៤ គ្រាប់។ ក្រៅពីការវាយប្រហារដោយគ្រាប់មីស៊ីល, សេចក្តីរាយការណ៍បានឱ្យដឹងដែរថា រុស្ស៊ីនៅបានប្រើដ្រូនអត្តឃាតចំនួន៨ថែមទៀត។ រុស្ស៊ី បានប្រកាសថាការវាយប្រហាររបស់ ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះ សុទ្ធតែចំគោលដៅទាំងអស់ដែលគេចង់បាន ដោយមីស៊ីលបានបំផ្លាញមូលដ្ឋានផលិតដ្រូន, ការកាត់ផ្ដាច់ផ្លូវរថភ្លើង និងបំផ្លាញទីតាំងនានា ដែលផលិត និងជួសជុលសព្វាវុធ។

មីស៊ីលបាលីស្ទីកលឿនជាសម្លេងគីនហ្សាល់ គឺជាមីស៊ីលដែលមានសមត្ថភាពគេចផុតពីការស្ទាក់បាញ់នៃប្រព័ន្ធអាវុធការពារអាកាសរបស់អ៊ុយក្រែនដែលឧបត្ថម្ភដោយប្រទេសលោក ខាងលិចនិងពីសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យយោធាកងកម្លាំងអាកាសនៃប្រទេសអ៊ុយក្រែន លោក Yurii Ihnat បានថ្លែងថា នេះជាការវាយប្រហារទ្រង់ទ្រាយធំលើកទីមួយរបស់ រុស្ស៊ីដោយប្រើប្រាស់មីស៊ីលច្រើនប្រភេទរួមទាំងអាវុធមីស៊ីលបាលីស្ទីកលឿនជាងសំឡេងរបស់វា៩ដងថែមទៀតនេះ។ លោកបានសារភាពថាអ៊ុយក្រែនមិនទាន់មានអាវុធទប់ទល់ នឹង អាវុធមីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ីនោះឡើយ។

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានសរសេរក្នុងបណ្តាញសង្គមថា យប់ថ្ងៃព្រហស្បតិ៍ទី៩មីនានោះ គឺជាយប់ដ៏លំបាកមួយ។ លោកថាសត្រូវបានបាញ់មីស៊ីល៨១គ្រាប់ ក្នុងបំណងគំរាមកំហែងប្រជាជនអ៊ុយក្រែនសាជាថ្មីដោយប្រើប្រាស់នូវវិធីរបស់ពួកគេគួរឱ្យស្អប់ខ្ពើម។ លោក ហ្សេលេនស្គីថ្លែងទៀតថា រុស្ស៊ីមានលទ្ធភាពអាចគ្រាន់តែធ្វើឱ្យពលរដ្ឋ អ៊ុយក្រែនខ្លាចភិតភ័យ ប៉ុន្តែល្បិចកលនោះនឹងមិនអាចជួយរុស្ស៊ីបានឡើយ។ លោកថារុស្ស៊ីមិនអាចចៀសផុតពីការទទួលខុសត្រូវលើអ្វីសព្វយ៉ាងដែលបានសាងនោះទេ។ យ៉ាងហោច មានមនុស្ស១១នាក់ បានស្លាប់និងជាង២០នាក់បានរងរបួស យោងតាមសេចក្តីរាយការណ៍ក្នុងជំហានដំបូង និងនិងការវាយប្រហារនោះ បានប៉ះពាល់ធ្ងន់ធ្ងរលើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធថាមពល។ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា គេពិតជាបានប្រើប្រាស់មីស៊ីលលឿនជាងសំឡេង គីនហ្សាលនោះមែន។

មន្ត្រីយោធាអ៊ុយក្រែននិយាយសារភាពថា នេះជាលើកដំបូងហើយ ដែលគេត្រូវប្រឈម មុខចំពោះអាវុធប្រភេទនេះក្នុងចំនួនច្រើន ដែលគេពុំមិនទាន់មានវិធីណាដើម្បី អាចបាញ់ទម្លាក់ អាវុធលឿនជាងសំឡេងនោះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ មីស៊ីលលឿនជាងសំឡេងប្រភេទគីនហ្សាល់នេះ ត្រូវគេជឿថា រុស្ស៊ីមិនមានច្រើនឡើយដោយមីស៊ីលប្រភេទនេះ ត្រូវបានបង្កើតឡើងដើម្បីសម្រាប់បំពាក់ក្បាលអាវុធនុយក្លេអ៊ែរ និងមីស៊ីលនេះអាចមានល្បឿនលឿនក្នុងមួយម៉ោងចម្ងាយ១១ពាន់គីឡូម៉ែត្រ។ ក្នុងរង្វង់នៃការបាញ់ស្រោចមីស៊ីលនេះ, ក្រុងខាកៀវ បានរងនឹងការបាញ់ចំនួន១៥គ្រាប់ដែលបណ្តាលឱ្យមានការខូចខាតប្រព័ន្ធចែកចាយថាមពលបង្កការខ្វះម៉ាស៊ីកម្តៅនិងគ្មានទឹកប្រើប្រាស់ថែមទៀត។ ក្នុងក្រុងកៀវ ស៊ីរ៉ែន បានបន្លឺឡើងរយៈស្ទើរតែ៧ម៉ោងជាប់គ្នា និងមានការដាច់ភ្លើង ប៉ុន្តែបានដំណើរការមកវិញដោយមធ្យោបាយត្រៀមបង្កាទុក។ ក្នុងសហគមន៍ហ្សូឡូ ឈីវ Zolochiv ក្បែរក្រុង Lviv, អគ្គីភ័យបានឆាបឆេះគ្រាដែលអំបែងគ្រាប់មីស៊ីលរុស្ស៊ីដែល គេបានបាញ់ទម្លាក់ នោះបានធ្លាក់ចុះមកខាងក្រោមបង្កជាភ្លើង និងអគ្គីភ័យបានធ្វើឱ្យឆេះអគារ ចំនួនបីដែលជាកន្លែង ស្នាក់នៅរបស់ប្រជាពលរដ្ឋ។

រថយន្តចំនួនបីត្រូវបានបំផ្លាញផងទៀត។ ការបាញ់ស្រោចនេះទៀត បានបង្កការក្តីព្រួយបារម្ភលើទីតាំងមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរ Zaporizhzhia ថែមទៀត។ ការវាយប្រហារ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ បានធ្វើឱ្យខ្វះចរន្តថាមពលអគ្គីសនីដែលបង្ខំឱ្យបញ្ឆេះម៉ាស៊ីនភ្លើងដែលប្រើប្រាស់ម៉ាស៊ុតដើម្បីជំនួសនោះវិញ។ អគ្គនាយកផ្នែកថាមពលអាតូមិក អន្តរជាតិ លោក Rafael Grossi បានថ្លែងថា «ខ្ញុំសូមរំលឹក អ្នកថានេះគឺជាមជ្ឈមណ្ឌលប្រព័ន្ធថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់ដែលមានទីតាំងក្នុងទ្វីបអឺរ៉ុប»។ លោកថា «ការដាក់ ដំណើរការជាបន្ទាន់នៃម៉ាស៊ីនភ្លើងប្រើប្រាស់ប្រេងម៉ាស៊ុតនេះ គឺជាលើកទី៦ហើយ» ។ លោកដាក់សំណួរថា «តើយើងនឹងត្រូវធ្វើអ្វី?»។ លោកថ្លែងបន្តថាតើគេចេះតែអង្គុយនៅក្នុង បន្ទប់នេះដោយរបៀបណាដោយបណ្តោយឱ្យរឿងគំរាមកំហែងនេះ ចេះតែកើតមានបន្តនោះ?

លោក Rafael Grossi បានថ្លែងថាបើសិនជាគេនៅតែបន្តឱ្យមានសភាពការណ៍គំរាមកំហែង ដាក់មកលើមជ្ឈមណ្ឌលប្រព័ន្ធថាមពលនុយក្លេអ៊ែ័រនេះថែមទៀតនោះ គឺគង់ថ្ងៃណាមួយគេ នឹងជួបគ្រោះថ្នាក់ជាមិនខានឡើយ។ រុស្ស៊ីនិយាយថា ការវាយប្រហារបែបនេះ គឺមានបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ុយក្រែនក្នុងការប្រយុទ្ធ។ ប៉ុន្តែអ៊ុយក្រែននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនេះ ពុំមានគោលបំណងផ្នែកយោធានោះទេ ប៉ុន្តែ មានបំណងបង្កការឈឺចាប់ និងបំភិតបំភ័យដល់ប្រជាជនស៊ីវិល ដែលនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។

អ៊ុយក្រែនកន្លងមកតែងរកវិធីទប់ទល់ជានិច្ចចំពោះអាវុធផ្សេងៗរបស់រុស្ស៊ីដែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសដាក់មកលើបណ្តាក្រុងរបស់អ៊ុយក្រែន។ ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បានផ្តល់នូវប្រព័ន្ធអាវុធទំនើបៗសម្រាប់ទប់ស្កាត់រាល់ការបាញ់ប្រហារដោយគ្រាប់មីស៊ីលនិងដ្រូនរបស់រុស្ស៊ី ប៉ុន្តែការវាយប្រហារដោយមីស៊ីលលឿនជាងសម្លេង Kinzhal Hypersonic cruise missiles ដែលប្រព័ន្ធការពារអាកាសមិនអាចទប់ស្កាត់បាននេះ គឺជាលើកដំបូង។

ក្រុមអ្នកតាមដានភាពវិវត្តន៍នៃសង្គ្រាមបានថ្លែងរំពឹងថាអង្គការណាតូដែល មានសហរដ្ឋអាមេរិកជាប្រទេសនាំមុខ នឹងធ្វើកិច្ចការពិគ្រោះគ្នាសាជាថ្មីថែមទៀតដើម្បីរកវិធីទប់ទល់ នឹងអាវុធលឿនជាងសំឡេងរបស់រុស្ស៊ីនេះ។ សាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Southeastern Norway លោក Glenn Diezen បានថ្លែងថា លោក មិនទាន់មើលឃើញថាតើអង្គការណាតូនឹងអាចមានប្រព័ន្ធការពារដែនអាកាសអ្វីក្នុងការទប់ស្កាត់នឹងមីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ីនោះបានដែរ។

សាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Southeastern Norway បានថ្លែងថា «សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនិងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបដែលមាន បំណងចង់ឱ្យសង្គ្រាមចេះតែបន្ត និងកំពុងតែជំរុញការផ្តល់អាវុធមកឱ្យអ៊ុយក្រែន…ហើយបើសូម្បីតែសំណើរកសន្តិភាពចុងក្រោយរបស់ប្រទេសចិន ថែមទាំងមិនត្រូវបានគេទទួលយក ទៀតនោះ ខ្ញុំមិនបានគិតថា ពួកគេនឹងមានការរៀបចំនូវសំណើសន្តិភាពនៅឡើយទេ។ ដូច្នេះ ជំនួសមកវិញ គឺពួកគេត្រូវតែធ្វើការផ្តល់អាវុធឱ្យអ៊ុយក្រែន។ លោកបានបន្តថា ចំណែកពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអាវុធការពារផ្លូវអាកាសនោះវិញ ខ្ញុំក៏មិនទាន់ដឹងច្បាស់ ថាតើអង្គការនឹងណាតូមានប្រព័ន្ធអាវុធមីស៊ីលអ្វីដែលអាចមានសមត្ថភាពក្នុងការទប់ស្កាត់ មីស៊ីលលឿន ជាងសំឡេងរបស់ប្រទេសរុស្ស៊ីនោះឡើយ»

ប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិកតែងនិយាយថារុស្ស៊ីកំពុងតែខ្វះអាវុធក្នុងការធ្វើសង្គ្រាមក្នុងនិទាឃរដូវដែលកំពុងឈានចូលមកដល់នេះ ប៉ុន្តែការបាញ់ស្រោចមីស៊ីល៨១ គ្រាប់តែមួយយប់ រួមទាំងមីស៊ីលលឿនជាងសម្លេងគីនហ្សាល់ជាលើកដំបូងនេះ បានបង្ហាញថា រុស្ស៊ីហាក់ដូចជាមិនទាន់ស្ថិតក្នុងការខ្វះខាតអាវុធដូចមានការលើកឡើងនោះទេ។

ការប្រើអាវុធមីស៊ីលលឿនជាងសម្លេង ដែលប្រព័ន្ធអាវុធការពារអាកាសរបស់លោកខាងលិចបំពាក់ដល់អ៊ុយក្រែនមិនអាចស្ទាក់បំផ្លាញបាននេះ ត្រូវគេរំពឹងថានឹងអាចឱ្យអង្គការណាតូ និងសហរដ្ឋអាមេរិក ស្វែងរកវិធីថ្មីដើម្បីទប់ទល់ថែមទៀតបើសិនជាចង់ឱ្យអ៊ុយក្រែនឈ្នះលើ សង្គ្រាមក្នុងឆ្នាំ២០២៣។ តើសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច នឹងរកវិធីយ៉ាងណា ទៀតដើម្បីជួយអ៊ុយក្រែន ដើម្បីគេចផុតពីមីស៊ីលលឿនជាសម្លេងរបស់រុស្ស៊ីនោះ នៅមិនទាន់មានការធ្វើអត្ថាធិប្បាយ ណាមួយថ្មីពីអង្គការណាតូនិងសហរដ្ឋអាមេរិក ឡើយគិតត្រឹមព្រឹកថ្ងៃសុក្រទី១០ ខែមីនា៕