(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលកំពុងស្វែងរកការបន្តកាន់អំណាចរយៈពេលពីរទសវត្សរ៍របស់ខ្លួន បានប្រកាសជាផ្លូវការនៅថ្ងៃសុក្រថា ការបោះឆ្នោតសភា និងប្រធានាធិបតីរបស់ប្រទេស នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា មួយខែលឿនជាងការគ្រោងទុក​ ទោះបីជាមានការរញ្ជួយដីដ៏ខ្លាំងមួយកាលពីខែមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា វាអាចជាការបោះឆ្នោតដ៏សំខាន់បំផុត ដែលប្រទេសនេះបានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វានឹងកំណត់ថាតើប្រទេសនេះដើរតាមគន្លងប្រជាធិបតេយ្យ ឬបន្តនៅលើផ្លូវផ្តាច់ការកាន់តែខ្លាំងឡើង ដែលកំណត់ដោយរដ្ឋបុរសខ្លាំង។

លោក Erdogan បានគ្រប់គ្រងប្រទេសតួកគីតាំងពីឆ្នាំ២០០៣ ដោយចាប់ផ្តើមដំបូងជានាយករដ្ឋមន្ត្រី និងបន្ទាប់មកជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណាការបោះឆ្នោតនៅឆ្នាំនេះ អាចជាបញ្ហាប្រឈមបំផុតរបស់លោក។

កាលពីដើមសប្តាហ៍នេះ គណបក្សប្រឆាំងដែលមាននិន្នាការចម្រុះរបស់តួកគី ក្នុងនោះរួមទាំងអ្នកជាតិនិយម អ្នកប្រកាន់សាសនានិយម និងពួកអភិរក្សនិយម បានតែងតាំងបេក្ខជនរួមគ្នាដើម្បីឈរឈ្មោះប្រឆាំងនឹងលោក Erdogan៕