(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអូស្ត្រាលី និងអង់គ្លេស នៅទីក្រុង San Diego នៅថ្ងៃចន្ទ ទី១៣ ខែមីនា ដើម្បីប្រកាសពីផ្លូវឆ្ពោះទៅមុខសម្រាប់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន

ប្រទេសទាំងបីបានប្រកាសនូវអ្វីដែលគេហៅថា ផែនការ AUKUS ក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

មន្ត្រីអាមេរិកបួនរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ​Reuters នៅសប្តាហ៍នេះថា អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងទិញនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia របស់អាមេរិកដល់ទៅចំនួន ៥គ្រឿងក្នុងទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសំខាន់ ដែលនឹងត្រូវបង្ហាញយ៉ាងលម្អិតដោយ លោក បៃដិន និងលោក Anthony Albanese​ នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Roshi Sunak ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសនៅសប្តាហ៍នេះ។

គួរបញ្ជាក់ថា ផែនការ AUKUS នេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាការប៉ុនប៉ងព្យាយាមទប់ទល់នឹងការកើនឡើង នៃកម្លាំងយោធារបស់ចិន ក៏ដូចជាជំហរដ៏រឹងមាំរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ ព្រមទាំងការបង្កើនការដាក់ពង្រាយនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះជាដើម៕