(វ៉ាស៉ីនតោន)៖ ការដួលរលំនៃប្រព័ន្ធធនាគារអាមេរិក Silicon Valley Bank (SVB) បានបង្កឱ្យមានភាពរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងវិស័យហិរញ្ញវត្ថុ និងអាជីវកម្មបង្កើតថ្មីដែល ពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា (Tech startups)។ កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ និយតករអាមេរិកបានរឹបអូសទ្រពធនាគារ SVB ដែលមានមូលដ្ឋានក្នុងទីក្រុង Santa Clara រដ្ឋ California បន្ទាប់ពីអ្នកដាក់ប្រាក់បញ្ញើចាប់ផ្ដើមដកលុយរបស់ពួកគេជាលក្ខណៈទ្រង់ទ្រាយធំ នៅចំពោះមុខការព្រួយបារម្ភពីសុខមាលភាពហិរញ្ញវត្ថុនៃធនាគារមួយនេះ។

ចាប់តាំងពីពេលនោះមកដែរ និយតករហិរញ្ញវត្ថុនៅជុំវិញពិភពលោកបាននាំគ្នាប្រញាប់ប្រញាលគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ដែលអាចបង្កឡើងដោយសារតែបរាជ័យរបស់ SVB ក៏ដូចជាប្រឹងប្រែងបង្កើនទំនុកចិត្តឡើងវិញនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។ ដោយមានទ្រព្យជាង ២០០ពាន់លានដុល្លារ បរាជ័យរបស់ធនាគារ SVB គឺជាបរាជ័យធំជាងគេបង្អស់ទី២ នៃវិស័យធនាគារនៅក្នុងសហរដ្ឋអាមេរិក និងធំជាងគេបង្អស់ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨មក។

* ហេតុអ្វីធនាគារ SVB ដួលបះជើង?
SVB គឺជាធនាគារអាមេរិកមួយដែលផ្ដោតជាសំខាន់ និងមានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុង «អាជីវកម្មបង្កើតថ្មីដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា ឬ Tech startups»។ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ធនាគារមួយនេះបានមើលឃើញការកើនឡើងនូវលំហូរប្រាក់បញ្ញើ ខណៈក្រុមហ៊ុនបច្ចេកវិទ្យានានាក្នុងសហរដ្ឋអាមេរិក កើបផលចំណេញពីការផ្ដល់ សេវាកម្សាន្ត និងសេវាដឹកជញ្ជូនដល់ប្រជាជនដែលស្ថិតក្នុងផ្ទះ អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់។

ធនាគារ SVB បានវិនិយោគមួយផ្នែកធំនៃប្រាក់បញ្ញើទាំងនេះ ទៅក្នុងមូលបត្របំណុល ឬបណ្ណបំណុលរដ្ឋាភិបាលអាមេរិក ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាការវិនិយោគដ៏មាន សុវត្ថិភាពបំផុត។ ប៉ុន្តែ SVB ចាប់ផ្ដើមជួបបញ្ហាឈឺក្បាល នៅពេលដែលធនាគារកណ្ដាលអាមេរិកចាប់ផ្ដើមដំឡើងអត្រាការប្រាក់ កាលពីឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអតិផរណា ដែលនេះបានបង្កឱ្យតម្លៃមូលបត្របំណុលទាំងនោះបានធ្លាក់ចុះ។ ក្រោយមកទៀត នៅពេលស្ថានភាពសេដ្ឋកិច្ចសម្រាប់វិស័យបច្ចេកវិទ្យា កាន់តែយ៉ាប់យ៉ឺនក្រោយការរាតត្បាត កូវីដ១៩ អតិថិជនជាច្រើនរបស់ធនាគារ SVB បានចាប់ផ្ដើមដកលុយរបស់ពួកគេ សំដៅបង្ការគ្រោះថ្នាក់ចៃដន្យណាមួយ។ ដោយសារតែមានលុយមិនគ្រប់គ្រាន់នេះឯង ទើបជំរុញឱ្យ SVB លក់បណ្ណបំណុលរបស់ខ្លួនចេញទំាងខាត ហើយត្រឹមពេលតែ៤៨ម៉ោងប៉ុណ្ណោះ អ្នកដាក់ប្រាក់បញ្ញើបាននាំគ្នាសម្រុកដកលុយ រហូតដល់ថ្នាក់ធ្វើឱ្យប្រព័ន្ធធនាគារ SVB ដួលរលំ។

នៅក្នុងភាសាសេដ្ឋកិច្ច «តម្លៃមូលបត្របំណុល ឬបណ្ណបំណុល» មានទំនាក់ទំនងបញ្ច្រាស់គ្នាជាមួយ «អត្រាការប្រាក់»។ បានន័យថានៅពេលមានការដំឡើងអត្រាការប្រាក់ នោះបណ្ណបំណុល នឹងត្រូវធ្លាក់ចុះ។ ពីព្រោះថានៅពេលមានការដំឡើងអត្រាការប្រាក់ វានឹងធ្វើឱ្យបណ្ណបំណុលថ្មីឡើងថ្លៃ រីឯតម្លៃបណ្ណបំណុលចាស់ដែលនៅសល់នឹងធ្លាក់ចុះ ដូច្នេះគេត្រូវតែលក់បណ្ណបំណុលចាស់ ក្នុងតម្លៃទាប ដើម្បីប្រជែងជាមួយបណ្ណបំណុលថ្មី។ លោក James Angel ដែលជាអ្នកជំនាញម្នាក់ខាងនិយតកម្មនៃទីផ្សារហិរញ្ញវត្ថុសកល មកពីសាកលវិទ្យាល័យ Georgetown University បានពន្យល់ថាការដួលរលំរបស់ធនាគារ SVB គឺដោយសារតែកំហុសរបស់ពួកគេក្នុងការគ្រប់គ្រងហានិភ័យអត្រាការប្រាក់។ SVB បានវិនិយោគប្រាក់បញ្ញើរយៈពេលខ្លី ទៅក្នុងបណ្ណបំណុល រយៈពេលវែង។ ម្លោះហើយនៅពេលអត្រាការប្រាក់កើនឡើង ធ្វើឱ្យតម្លៃបណ្ណបំណុលធ្លាក់ចុះ ដែលនេះធ្វើធនាគារបាត់បង់ភាគហ៊ុនយ៉ាងសន្ធឹកសន្ធាប់។

ដោយឡែក លោក Campbell R Harvey ជាសាស្ត្រាចារ្យម្នាក់មកពីមហាវិទ្យាល័យ Fuqua School of Business នៃសាកលវិទ្យាល័យ Duke Universit បានសង្កត់ធ្ងន់ថាគូប្រជែងរបស់ធនាគារ SVB ឬធនាគារដទៃទៀត គួរតែរៀនសូត្រពីមេរៀនមួយនេះ និងចាំបាច់ក្នុងការធ្វើ «ពិពិធកម្មទ្រព្យ» របស់ពួកគេ។ «វាមើលទៅដូចជាពួកគេបានផ្ដល់ប្រាក់កម្ចីដោយផ្តោតតែទៅលើអតិថិជន ពិសេស ហើយយើងទាំងអស់គ្នាដឹងថានៅពេលបច្ចេកវិទ្យារងការខាតបង់ ហើយប្រសិនបើមិនមានការធ្វើពិពិធកម្មទ្រព្យទេ នោះអ្នកក៏នឹងរងការខាតបង់ដូចគ្នាដែរ»។ នេះជាការបញ្ជាក់របស់លោក Campbell R Harvey។

* តើមានផលអវិជ្ជមានអ្វីខ្លះកើតចេញពីបរាជ័យរបស់ធនាគារ SVB?

២ថ្ងៃបន្ទាប់ពីការដួលរលំនៃធនាគារ SVB និយតករអាមេរិកបានរឹបអូសទ្រព្យរបស់ធនាគារ Signature Bank មានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងមុខជំនួញវិស័យ «រូបិយវត្ថុ crypto»។ បរាជ័យរបស់ធនាគារ Signature Bank ដែលមានទ្រព្យជាង ១០០ពាន់លានដុល្លារនេះដែរ គឺជាបរាជ័យធនាគារធំជាងគេបង្អស់ទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ដើម្បី គ្រប់គ្រងផលប៉ះពាល់ និយតករអាមេរិកប្រកាសកាលពីថ្ងៃទី១២ ខែមីនាថានឹងគ្រប់គ្រងរាល់ប្រាក់បញ្ញើរបស់ធនាគារទាំង២។ ចំណែកឯ ធនាគារកណ្ដាលអាមេរិកបានបញ្ចេញកម្មវិធីកម្ចីមួយមាន ឈ្មោះថា Bank Term Funding Program (BTFP) ដែលមានគោលដៅបង្កើនទំនុកចិត្តនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការផ្ដល់ឱ្យធនាគារនានានូវជម្រើសខ្ចីប្រាក់ដោយផ្ទាល់ពី ធនាគារកណ្ដាលអាមេរិក ដើម្បីបញ្ចៀសការលក់បណ្ណបំណុលចេញទាំងខាត។

បន្ថែមពីលើនេះ ជាការបន្ធូរបន្ថយការព្រួយបារម្ភ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាប្រជាជនអាមេរិកអាចជឿទុកចិត្តបានថាប្រព័ន្ធធនាគារអាមេរិកមានសុវត្ថិភាពដោយប្រាក់បញ្ញើ របស់ពួកគេនឹងមាន នៅពេលពួកគេត្រូវការ។ តែទោះជាយ៉ាងនេះក្ដី ភាគហ៊ុនរបស់ធានាគារធំៗទំាង៤ នៅក្នុងសហរដ្ឋអាមេរិក ដូចជា JPMorgan Chase, Bank of America, Wells Fargo និង Citibank បានដាំក្បាលចុះក្រោមចំពោះ មុខការភ័យខ្លាចពីការរាលដាលវិបត្តិទៅកាន់វិស័យហិរញ្ញវត្ថុទាំងមូល។ ធនាគារ First Republic Bank មានមូលដ្ឋានក្នុងទីក្រុង San Francisco រដ្ឋ California បានមើលឃើញភាគហ៊ុន របស់ខ្លួនធ្លាក់ចុះអស់ជាង ៦០ភាគរយ ខណៈភាគហ៊ុនធនាគារមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ី ក៏បានធ្លាក់ចុះផងដែរ។

នៅឯចក្រភពអង់គ្លេស និយតករហិរញ្ញវត្ថុបានប្រកាសថាពួកគេបានជួយសម្រួលដល់ការលក់សាខារបស់ធនាគារ SVB ទៅឱ្យធនាគារ HSBC ដែលជាធនាគារធំជាងគេបំផុតមួយនៅអឺរ៉ុប សំដៅ ការពារប្រាក់បញ្ញើជាង ៨.១ពាន់លានដុល្លារ។ នៅកាណាដាឯណោះវិញ និយតករបានប្រកាសថាពួកគេបានគ្រប់គ្រងជាបណ្ដោះអាសន្នលើសាខាធនាគារ SVB ក្នុងប្រទេស ខណៈនិយតករ អាល្លឺម៉ង់ សម្រេចចិត្តបិទសាខាធនាគារ SVB ជាបណ្ដោះអាសន្ន។

* តើ SVB មានសារៈសំខាន់ប៉ុនណាសម្រាប់ឧស្សាហកម្មធនាគារ?
SVB គឺជាធនាគារធំលំដាប់ទី១៦ នៅក្នុងសហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកថាជាធនាគារលំដាប់មធ្យម។ បើតាមសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (Federal Deposit Insurance Corporation) គិតត្រឹមខែធ្នូ ឆ្នាំ២០២២ SVB មានទ្រព្យប្រមាណជា ២០៩.០ពាន់លានដុល្លារ និងមានប្រាក់បញ្ញើសរុប ១៧៥.៤ពាន់លានដុល្លារ។ នេះគឺជាចំនួនតិចតួច បើធៀបទៅនឹង JPMorgan Chase ដែលជាធនាគារធំជាងគេបំផុតនៅសហរដ្ឋអាមេរិក មានទ្រព្យដល់ទៅ ៣.៦៧ទ្រីលានដុល្លារកាលពីឆ្នាំ២០២២។

បើធៀបចំនួនលុយ គឺតិចតួចមែន។ ប៉ុន្តែ ធនាគារ SVB មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុង «វិស័យប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា» ឬ tech ecosystem។ SVB មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ Silicon Valley ដោយសារធនាគារមួយនេះបានផ្ដល់កម្ចីដល់ក្រុមហ៊ុន ឬ «អាជីវកម្មបង្កើតថ្មីដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា ឬ Tech startups» ដែលត្រូវបានធនាគារធំៗភាគច្រើនស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចី ព្រោះមិនចង់ប្រថុយនឹងការខាតបង់។ បរាជ័យរបស់ SVB ត្រូវបានគេរាយការណ៍ថាបានបង្ខំឱ្យនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា មួយចំនួន ចាប់ផ្ដើមផ្លាស់ប្ដូរធនាគារ និងស្វែងរកជម្រើសថ្មីក្នុងការបើកប្រាក់ខែឱ្យបុគ្គលិក ស្របពេលមានការព្រួយបារម្ភថាពួកគេអាចនឹងពិបាក ឬមិនអាចចូលទៅកាន់មូលធិនិរបស់ពួកគេ។

*តើបរាជ័យរបស់ SVB អាចនឹងបង្កជាវិបត្តិហិរញ្ញវត្ថុដូចឆ្នាំ២០០៧-២០០៨ ឬ?
ខណៈផលប៉ះពាល់អវិជ្ជមានបង្កឡើងដោយបរាជ័យរបស់ SVB កំពុងកើតឡើងក្រោមលក្ខខណ្ឌមួយចំនួន ក្រុមអ្នកជំនាញសេដ្ឋកិច្ចភាគច្រើនបានយល់ស្របដូចគ្នាថាបរាជ័យនេះ វាមានភាពខុសគ្នា ច្រើនទៅនឹងបរាជ័យរបស់ធនាគារ Bear Stearns និង Lehman Brothers ដែលបានចូលរួមចំណែក បង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៧-២០០៨។ ផ្ទុយពីធនាគារជាច្រើនអំឡុងវិបត្តិ សេដ្ឋកិច្ចសកលនៅពេលនោះ ដូចជាធនាគារ Lehman Brothers ជាដើម មុខជំនួញរបស់ SVB ត្រូវបានផ្ដោតតែទៅលើវិស័យប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យាតែមួយគត់ និងមានទំនាក់ទំនងតិចតួចទៅនឹងធនាគារដទៃ។

លើសពីនេះទៅទៀតអ្វីដែលសំខាន់ នោះគឺធនាគារកណ្ដាលអាមេរិក កំពុងចេញមុខជួយយ៉ាងសកម្ម ក្នុងបរិបទដែលនិយតកម្មហិរញ្ញវត្ថុក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ចាប់តាំងពីវិបត្តិ ឆ្នាំ២០០៧-២០០៨មក ហើយធនាគារជាច្រើនក៏មានមូលធនច្រើនជាងកាលពីពេលមុនផងដែរ ដែលនេះធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យតិចតួច៕