(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃពុធនេះបានបង្ហាញការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់ហុងឌូរ៉ាស ស្តីពីផែនការចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយងាកមកបង្កើតចំណងទាក់ទងផ្លូវការជាមួយប្រទេសចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងយ៉ាងដូច្នេះថា «ដោយឈរលើគោលការណ៍ចិនតែមួយ ចិនស្ម័គ្រចិត្តកសាងទំនាក់ទំនងមិត្តភាព និងប្រកបដោយកិច្ចសហប្រតិបត្តិការជាមួយហុងឌូរ៉ា ក៏ដូចជាប្រទេសដទៃៗទៀតនៅលើពិភពលោក។ ដូច្នេះហើយពួកយើងស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍ពាក់ព័ន្ធ ដែលធ្វើឡើងដោយភាគីហុងឌូរ៉ាស»។

ទីក្រុងប៉េកាំងបានបង្ហាញការស្វាគមន៍ដូចខាងលើ បន្ទាប់ពីប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា លោកស្រីបានណែនាំទៅកាន់រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស ឱ្យរៀបចំបង្កើតទំនាក់ទំនងការទូតផ្លូវការ​ជាមួយប្រទេសចិន ដែលវាមានន័យថាហុងឌូរ៉ាស នឹងផ្តាច់ទំនាក់ទំនងផ្លូវការបច្ចុប្បន្នរបស់ខ្លួន ជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ត្រឹមជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានប្រើប្រាស់អំណាច និងប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសមួយចំនួនតូច ដែលនៅតែរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ។ ប្រសិនបើហុងឌូរ៉ាស ពិតជាផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ពិតមែន នោះវានឹងធ្វើឱ្យប្រទេសនិងដែនដី ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នៅសល់តែចំនួន ១៣ប៉ុណ្ណោះ៕