(កូប៉ិនហាក)៖ រដ្ឋាភិបាលដាណឺម៉ាកនៅថ្ងៃពុធនេះ បានប្រកាសថា ប្រទេសដាណឹម៉ាកនឹងបង្កើតមូលនិធិទំហំ១ពាន់លានដុល្លារ សម្រាប់ការផ្តល់ជំនួយដល់​អ៊ុយក្រែនក្នុងឆ្នាំនេះ បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងគណបក្សស្ទើរតែទាំងអស់នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុដាណឺម៉ាក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «រដ្ឋាភិបាលដាណឺម៉ាក បានយល់ព្រមរៀបចំបង្កើតមូលនិធិមួយសម្រាប់អ៊ុយក្រែន ជាមួយថវិកាសរុប១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ» ខណៈវាគឺជាគម្រោងដែលត្រូវបានគាំទ្រដោយ សមាជិកចំនួន១៥៩នាក់ ក្នុងចំណោម១៧៩នាក់ នៅក្នុងសភានៃប្រទេសដាណឺម៉ាក។

មូលនិធិជំនួយខាងលើនឹងត្រូវបែងចែកជា៣ផ្នែក ក្នុងនោះថវិកាច្រើនជាងគេនឹងផ្តោតទៅលើជំនួយយោធា ដែលមានទំហំប្រមាណជិត៨០០លានដុល្លារ។ ចំណែកជំនួយស៉ីវិលសម្រាប់មនុស្សធម៌ និងកិច្ចប្រឹងប្រែងកសាងឡើងវិញរយៈពេលវែង នឹងទទួលបានថវិកា១៧០លានដុល្លារ ហើយ៥៧លានដុល្លារនឹង​ផ្តោតទៅលើជំនួយធុរកិច្ច។

គួរបញ្ជាក់ថា បន្ថែមពីនេះ រដ្ឋាភិបាលដាណឺម៉ាកក៏គ្រោងចាត់ចែងឱ្យមានមូលនិធិ សម្រាប់ឆ្នាំ២០២៤-២០២៧ ផងដែរ ដើម្បីទូទាត់ការចំណាយទៅលើ ការបំពេញមកវិញនូវជំនួយយោធាដែលត្រូវបានផ្តល់ឱ្យទៅអ៊ុយក្រែន ទាំងកាលពីឆ្នាំ២០២២ និងនៅក្នុងឆ្នាំ២០២៣នេះ៕