(ហែលស៉ិនគី)​៖ ប្រធានាធិបតីហ្វាំងឡង់ លោក លោក សាវលី នីនីស្តូ (Sauli Niinisto) នឹងធ្វើដំណើរទៅប្រទេសតួកគី ដើម្បីជួបជាមួយប្រធានាធិបតីតួកគី លោក រេសិប តាយីព អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទីក្រុងអង់ការ៉ាបានបង្ហាញអំពីសញ្ញានៃការត្រៀមលក្ខណៈ ដើម្បីផ្តល់សច្ចាប័នលើ ពាក្យសុំចូលជាសមាជិកអង្គការណាតូ (NATO) របស់ទីក្រុងហែលស៉ិនគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ដំណឹងទស្សនកិច្ចខាងលើ ត្រូវបានប្រកាសដោយការិយាល័យប្រធានាធិបតីហ្វាំងឡង់ផ្ទាល់ ហើយលោក នីនីស្តូ នឹងត្រូវអមដំណើររដ្ឋមន្រ្តីការបរទេស លោក ពេកកា ហាវីស្តូ (Pekka Haavisto)។ ហ្វាំងឡង់និងស៊ុយអែតបានសម្រេចទម្លាក់ចោល គោលនយោបាយរាប់ទសវត្សរ៍មកហើយរបស់ខ្លួន ដែលស្តីពីការប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធយោធាណាមួយឡើយ ហើយដាក់ពាក្យសុំចូលជាសមាជិកណាតូ កាលពីខែឧសភា ឆ្នាំមុន ក្រោយរុស្ស៉ីបានធ្វើ​សង្រ្គាមឈ្លានពាន ទៅលើអ៊ុយក្រែន។

គួរបញ្ជាក់ថា មកទល់ពេលនេះ នៅសល់តែតួកគីនិងហុងគ្រីប៉ុណ្ណោះ ដែលជាសមាជិកណាតូ មិនទាន់ផ្តល់សច្ចាប័នលើពាក្យស្នើរបស់ ប្រទេសអឺរ៉ុបខាងជើង​ទាំងពីរខាងលើ ខណៈការចូលជាសមាជិកបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ត្រូវតែទទួលការយល់ព្រមពីសមាជិកបច្ចុប្បន្នទាំង៣០ប្រទេស។ ស្របពេលដែលលោក អឺដូហ្កាន់ នៅតែប្រកាន់ជំហរជំទាស់នឹងស៊ុយអែត ទីក្រុងអង់ការ៉ាហាក់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់សច្ចាប័នទៅលើ​សមាជិកភាពរបស់ហ្វាំងឡង់។

ដំបូងឡើយហ្វាំងឡង់និងស៊ុយអែត បានបង្ហាញបំណងចង់ចូលជាសមាជិកណាតូ ក្នុងពេលដំណាលគ្នា ដូចកាលពីពេលដែលពួកគេបានដាក់ពាក្យស្នើសុំ ប៉ុន្តែឥឡូវនេះសញ្ញា​បង្ហាញយ៉ាងច្បាស់ថា ហ្វាំងឡង់មុខជានឹងបានចូលអង្គការណាតូ មុនស៊ុយអែត។ នាយករដ្ឋមន្រ្តីស៊ុយអែតផ្ទាល់ គឺលោក អូល គ្រីស្ទើសុន (Ulf Kristersson) ក៏ទើបតែបានទទួលស្គាល់កាលពីថ្ងៃអង្គារសប្តាហ៍នេះផងដែរថា លទ្ធភាពដែលហ្វាំងឡង់នឹងក្លាយជាសមាជិកណាតូ មុនប្រទេសរបស់លោក គឺកាន់តែកើនឡើង ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ស៊ុយអែតក៏គង់នឹងបានចូលដែរ ដោយអាស្រ័យលើពេលវេលាប៉ុណ្ណោះ៕