(វ៉ាស៊ីនតោន)៖ នៅពេលដែលយន្ដហោះចម្បាំងរុស្ស៉ីហោះទៅបុកទង្គិចនឹងយន្ដហោះដ្រូនស៊ើបការណ៍ដ៏ធំរបស់សហរដ្ឋអាមេរិក នៅលើដែនអាកាសសមុទ្រខ្មៅ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ វាគឺជារឿង កម្រ តែក៏ជាឧប្បត្តិហេតុធ្ងន់ធ្ងរមួយដែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិកដាក់កំណត់ទូតតវ៉ា និងបារម្ភខា្លចក្រែងរុស្ស៉ីស្រង់បានបច្ចេកវិទ្យាសម្ងាត់ណាមួយនៃយន្ដហោះដ្រូនមួយនេះ។ ក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី បានដំឡើងសសៃក និងទម្លាក់ការទទួលខុសដាក់គ្នាទៅវិញទៅមកជុំវិញការបុកទង្គិចគ្នារវាងយន្ដហោះដ្រូនអាមេរិក MQ-9 Reaper និងយន្ដហោះចម្បាំងរុស្ស៉ី Su-27។ អ្នកនាំពាក្យមន្ទីរបញ្ចកោណមា្នក់ បានលើកឡើងពីលទ្ធភាពដែលក្រសួងការពារជាតិអាមេរិកអាចនឹងបញ្ចេញវីដេអូបង្ហាញពីការប៉ះទង្គិចគ្នារវាងយន្ដហោះទាំង២នេះ។

បើតាមក្រុមមន្ត្រីអាមេរិក ខ្មោចយន្ដហោះដ្រូន MQ-9 Reaper នៅមិនទាន់ត្រូវបានស្រង់នៅឡើយទេ ហើយមន្ទីរបញ្ចកោណក៏មិនបានបញ្ជាក់លម្អិតថាប្រតិបត្តិការណាមួយកំពុងធ្វើឡើង ឬក៏យ៉ាងនោះ ដែរ? ដូច្នេះខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីឧប្បត្តិហេតុនេះ៖

* តើខាងសហរដ្ឋអាមេរិក និយាយអ្វីខ្លះ?

មន្ទីរបញ្ចកោណ និងទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប បាននិយាយថាយន្ដហោះចម្បាំងរុស្ស៉ី Su-27 បានជះសាំងចោលទៅលើយន្ដហោះដ្រូន MQ-9 Reaper ដែលកំពុងដឹកនាំប្រតិបត្តិការ ស៊ើបការណ៍តាមទម្លាប់ដូចធម្មតានៅលើដែនអាកាសអន្តរជាតិនៃតំបន់សមុទ្រខ្មៅ។ បើតាមអង្គភាពកំពូលទាំង២ដដែល យន្ដហោះចម្បាំងរុស្ស៉ីបានហោះនៅក្បែរ និងទល់មុខយន្ដហោះដ្រូនអាមេរិក ជាច្រើនដង ក្នុងរយៈពេលពី៣០ ទៅ៤០នាទី ហើយក្រោយមកទៀត យន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿងក្នុងចំណោម២គ្រឿង បានហោះទៅបុកទង្គិចជាមួយស្លាបចក្រនៅពីក្រោយយន្ដហោះដ្រូន MQ-9 Reaper ជាហេតុបង្ខំឱ្យយោធាអាមេរិកសម្រេចចិត្តបញ្ជាទម្លាក់យន្ដហោះដ្រូននេះចូលទៅក្នុងដែនទឹកអន្តរជាតិ។

ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក James Hecker ជាមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុប និងអាហ្រ្វិក បានឱ្យដឹងថាសកម្មភាពរបស់យន្ដហោះចម្បាំងរុស្ស៉ី ស្ទើរតែធ្វើឱ្យយន្ដហោះ ទាំង២ ធ្លាក់។ ចំណែកឯ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្ដមសេនីយ៍ត្រី Pat Ryder ក៏បានបញ្ជាក់ដែរថាការបុកទង្គិចគ្នាក៏ទំនងជាបង្កឱ្យការខូចខាតដល់យន្ដហោះចម្បាំងរុស្ស៉ីផងដែរ ប៉ុន្តែ យន្ដហោះចម្បាំង Su-27 នៅតែអាចចុះចតបាន តែលោកមិនបានបញ្ជាក់ថាចុះចតនៅទីណានោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបានបន្ថែមទៀតថាយន្ដហោះដ្រូនអាមេរិក បានហោះហើរនៅឆ្ងាយពីទឹកដីអ៊ុយក្រែន រីឯមន្ត្រីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាយន្ដហោះដ្រូនអាមេរិកបានធ្វើប្រតិបត្តិការនៅភាគខាងលិចនៃតំបន់គ្រីមៀ ក្នុងដែនអាកាស នៃតំបន់សមុទ្រខ្មៅ។ មួយវិញទៀត មកទល់នឹងពេលនេះ គឺគេមិនទាន់ដឹងថាតើការបុកទង្គិចគ្នារវាងយន្ដហោះចម្បាំងរុស្ស៉ី និងយន្ដហោះដ្រូនអាមេរិក គឺជាឧប្បត្តិហេតុចៃដន្យ ឬក៏ជាចេតនានោះទេ តែទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានទទួលស្គាល់ថាយន្ដហោះចម្បាំងរុស្ស៉ីបានព្យាយាមហោះស្ទាក់យន្ដហោះដ្រូនអាមេរិក។

*​ តើខាងរុស្ស៉ីនិយាយអ្វីខ្លះ?

ក្រសួងការពារជាតិរុស្ស៉ី បានចោទប្រកាន់ថាយន្ដហោះដ្រូនអាមេរិកបានហោះមកក្បែរព្រំដែនរបស់រុស្ស៉ី និងបានបំពានចូលក្នុងតំបន់មួយដែលត្រូវបានប្រកាសរឹតត្បិតដោយវិមានក្រឹមឡាំង។ ក្រសួង បាន បន្តថាខ្លួនបានចល័តយន្ដហោះចម្បាំង ដើម្បីស្ទាក់យន្ដហោះដ្រូនអាមេរិក ហើយថាពេលនោះយន្ដហោះដ្រូនអាមេរិកខ្លួនឯងស្រាប់តែបានបាត់បង់ម្ចាស់ការ ហើយក៏ធ្លាក់ចូលទឹកសមុទ្រតែម្ដង។ រុស្ស៉ីបាន ប្រកាសតំបន់ជាច្រើននៅក្បែរតំបន់គ្រីមៀស្ថិតនៅក្រោមការរឹតត្បិតការហោះហើរ។ ចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលរុស្ស៉ីកាត់បញ្ចូលតំបន់គ្រីមៀ ក្នុងឧបសម្ព័ន្ធរបស់ខ្លួន និងមុនការចូលឈ្លានពាន អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងមូស្គូតែងតែចោទប្រកាន់សហរដ្ឋអាមេរិកជារឿយៗថាបានបញ្ជូនយន្ដហោះស៊ើបការណ៍មកក្បែរព្រំដែនរុស្ស៉ី ដោយមិនខ្វល់ពីការព្រមានពីវិមានក្រឹមឡាំង ឡើយ។ នៅក្រោមច្បាប់អន្តរជាតិ ប្រទេសមួយអាចធ្វើប្រតិបត្តិការ ក្នុងតំបន់ដែនអាកាស និងដែនទឹកអន្តរជាតិ ហើយគ្មានប្រទេសណាមួយអាចអះអាងពីការរឹតត្បិតលើដែនដីដែលនៅក្រៅព្រំដែនរបស់ ខ្លួនទេ។

បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះចម្បាំងរបស់ខ្លួនពិតជាបានព្យាយាមហោះស្ទាក់យន្ដហោះដ្រូនអាមេរិកពិតមែន តែមិនបានប្រើប្រាស់អាវុធប្រឆាំង ឬក៏ចូលទៅក្បែរដល់ថ្នាក់ប៉ះទង្គិចជាមួយ យន្ដហោះដ្រូននេះនោះដែរ។

* តើអ្វីទៅជាយន្ដហោះដ្រូន MQ-9 Reaper?

MQ-9 Reaper គឺជាយន្ដហោះដ្រូនស៊ើបការណ៍ធំបំផុតមួយរបស់សហរដ្ឋអាមេរិក ផលិតដោយក្រុមហ៊ុនអាមេរិក General Atomics។ យន្ដហោះដ្រូននេះមានទម្ងន់ ២,២០០គីឡូក្រាម នៅពេលគ្មាន បំពាក់អាវុធ និងមានទម្ងន់ជាង ៤,៧៦៣គីឡូក្រាម នៅពេលបំពាក់អាវុធ និងឧបករណ៍នានា។ MQ-9 Reaper មានប្រវែងបណ្ដោយ ១១ម៉ែត្រ កម្ពស់​៤ម៉ែត្រ និងមានស្លាបប្រវែង ២០ម៉ែត្រ ហើយអាច ហោះបានរយៈកម្ពស់១៥គីឡូម៉ែត្រ ជាមួយចម្ងាយ ២,៥០០គីឡូម៉ែត្រ។ យន្ដហោះដ្រូននេះត្រូវបានបញ្ជាពីចម្ងាយដោយពីឡុត២នាក់ និងអាចបំពាក់អាចបំពាក់មីស៊ីល Hellfire រួមជាមួយគ្រាប់បែក ភ្ជាប់ជាមួយឡាស៊ែរកំណត់គោលដៅផងដែរ។

បើតាមរបាយការណ៍សេវាស្រាវជ្រាវនៃសភាអាមេរិក។ ក្រុមហ៊ុន General Atomics បានផលិតយន្ដហោះដ្រូន MQ-9 Reaper ចំនួន ៣៦០គ្រឿងសម្រាប់កងទ័ពអាកាសអាមេរិក ចាប់តាំងពីកម្មវិធី ផលិតចាប់ផ្ដើមកាលពីឆ្នាំ២០០៧មក។ យន្ដហោះដ្រូន MQ-9 Reaper ក្នុងមួយគ្រឿងមានតម្លៃជាង ៣០លានដុល្លារក្នុងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា យន្ដហោះដ្រូន MQ-9 Reaper ក៏ធ្លាប់ធ្លាក់ និងត្រូវបានបាញ់ទម្លាក់ នាពេលកន្លងមកដែរ តួយ៉ាងដូចជាវាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលក្រុមឧទ្ទាមហ៊ូទីគំាទ្រដោយអ៉ីរ៉ង់កាលពីឆ្នាំ២០១៩ នៅប្រទេសយេម៉ែន និងធ្លាក់នៅលីប៊ីក្នុងឆ្នាំ ២០២២។ ម្យ៉ាងវិញទៀត វាមិនមែនជាលើកទី១នោះទេ ដែលយន្ដហោះរុស្ស៉ីបានហោះមកក្បែរយន្ដហោះអាមេរិកក្នុងតំបន់សមុទ្រខ្មៅ រីឯ មន្ទីរបញ្ចកោណ ក៏តែងតែថ្កោលទោសរុស្ស៉ីផងដែរថានេះទង្វើគ្មានការទទួលខុសត្រូវ និងគ្មានវិជ្ជាជីវៈ៕